រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើលោក បានបរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមមួយ មុនបើកកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅប្រទេសឥណ្ឌា នាថ្ងៃទី ០៩-១០ កញ្ញា ២០២៣ ខាងមុខ។
យោងតាមការចុះផ្សាយពី ABC បានឲ្យដឹងថា មូលហេតុដែល G20 បរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសរុស្ស៊ី គឺដោយសារចិន និងរុស្ស៊ីបានប្រឆាំងនឹងពួកគេ ពោលចិនបដិសេធមិនថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពានទៅកាន់អ៊ុយក្រែនឡើយ។
គួររំលឹកដែរថា កាលពីចុងសប្ដាហ៍មុនចិនក៏បានចេញលិខិតផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ១២ ចំណុច ប៉ុន្តែមិនមានចំណុចណាបញ្ជាក់ឲ្យរុស្ស៊ីត្រូវតែដកទ័ពពីអ៊ុយក្រែនឡើយ ហើយក៏មិនបានថ្កោលទោសរុស្ស៊ីចំពោះបញ្ហាសង្គ្រាម ដែលកំពុងកើតឡើងនេះផងដែរ។
សូមជម្រាបបន្ថែមថា G20 ក៏ធ្លាប់បរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំទៅផងដែរ ខណៈកាលពីកិច្ចប្រជុំ UN នាពេលថ្មីៗនេះ ចិនក៏បានអវត្តមានក្នុងការបោះឆ្នោតឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនទៀតផង៕