លោក​​អ្នក​​ឧស្សាហ៍​​ហូរឈាម​ច្រមុះ​ ​គូរ​​អាន​​អត្ថបទ​មួយ​​​នេះ

សង្គម​ និង​សេដ្ឋកិច្ច

មនុស្សស្ទើរតែគ្រប់រូប មិនថាវ័យក្មេង វ័យជំទង់ វ័យកណ្ដាល ឬវ័យចំណាស់នោះទេ តែងតែឧស្សាហ៍ហូរឈាមច្រមុះជាញឹកញាប់។ នោះក៏ព្រោះតែច្រមុះមនុស្សមានរន្ធពីរ ខណ្ឌចែកដោយរនាំងឆ្អឹងខ្ចី។ នៅត្រង់ឆ្អឹងខ្ចីជាប់នឹងចុងច្រមុះ គឺជាកន្លែងសើមជាប់ជានិច្ច និងជាទីជួបគ្នានៃពពួកសរសៃឈាមតូចៗ ដែលងាយនឹងដាច់ចេញ​ឈាម​ណាស់។ ចំណុចប្រសព្វរវាងចុងច្រមុះនិងរនាំងឆ្អឹងខ្ចីនេះ ពិត​ជាងាយទទួលរងផលប៉ះទង្គិច​និងធ្លាយចេញ​ឈាមខ្លាំងភ្លាមៗ គ្រាន់​តែតឹងសរសៃឈាម ឬគ្រាន់តែលូកកូនដៃកេះខូងក្នុងច្រមុះធ្ងន់ដៃបន្តិចក៏ឈាមច្រមុះដែរ។ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង ផ្ទៃមុខឡើងក្រហម សរសៃឈាមចាប់ផ្តើមរីក និងបើមានកណ្តាស់​តែមួយឆែត នោះច្បាស់ណាស់នឹងធ្លាយសរសៃឈាម បណ្តាល​ឱ្យចេញឈាមតាមច្រមុះភ្លាមតែម្ដង។ ប៉ុន្តែយ៉ាងណាក៏​ដោយ​ យើងអាចជួយទប់ស្កាត់បានមួយផ្នែកតូចកុំឱ្យងាយដាច់សរសៃឈាមច្រមុះ ដោយយើងគ្រាន់តែយកវ៉ាសេលីនមកលាបក្នុងរន្ធច្រមុះ ព្រោះ​វា​ធ្វើឱ្យច្រមុះយើងមានសំណើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើយើងត្រូវព្រួយបារម្ភអំពីការហូរឈាមច្រមុះដែរទេ?
ការហូរ​ឈាមច្រមុះធម្មតាមិនបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ​ឡើយ ហើយយើងអាចបញ្ឈប់វាកុំឱ្យហូរដោយវិធីងាយៗប្រកប​ដោយប្រសិទ្ធភាពបំផុត។ ពោល នៅពេលហូរ​ឈាម​ច្រមុះយើងមិនត្រូវ​ងើយក្បាលទៅក្រោយដូចការណែនាំរបស់ចាស់ជំនាន់មុនទេ ព្រោះ​​វិធីនេះពុំអាចបញ្ឈប់ឈាមមិនឱ្យឈប់ហូរបានឡើយ។ បើយើងធ្វើបែបនេះ ក្នុងករណីហូរឈាមច្រើនអាចនឹងហូរចូលទៅតាមផ្លូវដង្ហើម​ឬផ្លូវអាហារ ដែលបង្កទៅជាផលអាក្រក់បំផុត ប្រសិនបើ​ឈាម​នោះហូរចូលទៅក្នុងសួតមិនមែនចូលទៅក្នុងក្រពះ។ អ្វីដែល​យើងត្រូវធ្វើបន្ទាប់គឺ ត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីបញ្ចុះសម្ពាធ​ឈាម​ឬចៀសវាងកុំឱ្យមានសម្ពាធឈាមឡើង ព្រោះបើសម្ពាធឈាមឡើងគួរតែបញ្ចុះឈាមសិន ទើបបញ្ឈប់ការហូរឈាមនោះ។ បន្ទាប់​មក​ទៀត យើងត្រូវរក្សាជំហរ ឱនក្បាលទៅមុខបន្តិច ហើយ​ញើស​​សម្បោរបញ្ចេញកំណកដុំឈាមតូចៗឱ្យឆាប់បំផុត។ ភ្លាមនោះដែរយើងត្រូវច្របាច់ច្រមុះភ្ជិតរន្ធទាំងពីរឱ្យបានយ៉ាងតិច១០​ទៅ១៥​នាទី ដើម្បីបំបិទរន្ធសរសៃឈាម ពេលនោះឈាមនឹងឈប់ហូរហើយ។

ដោយឡែក ប្រសិនបើច្រមុះយើងហូរឈាមច្រើនឬហូរមិនឈប់ យើងគួរតែព្រួយបារម្ភ និងប្រញាប់ទៅព្យាបាលនៅមន្ទីពេទ្យ។ ព្រោះបើយើង​ដំអក់ទុកយូរមិនប្រញាប់ទៅព្យា​បាល​​ទេ គឺនឹងធ្វើឱ្យយើងបាត់​បង់ឈាមច្រើន។ ការហូរឈាមច្រមុះច្រើន ភាគច្រើនកើត​លើ​អ្នករលាកច្រមុះឬអាឡែកហ្ស៊ីច្រមុះរ៉ាំរ៉ៃ អ្នកទទួលទានថ្នាំពង្រាវឈាមជាប្រចាំ (ថ្នាំអាស្ពីរីន ឬ Aspirin) អ្នកហិតកូកាអ៊ីន (Cocaine) អ្នកកើត​ផ្ដាសាយរ៉ាំរ៉ៃ និង ២០% នៃ​ស្រ្តី​មានផ្ទៃពោះ ដែលភាគច្រើនងាយនឹងហូរឈាមច្រមុះណាស់។ ចំពោះអ្នកពុំធ្លាប់មានប្រវត្តិជំងឺដូចដែល​បានរៀបរាប់នេះ តែហូរឈាមច្រមុះជោកជាំ ឬហូរច្រើនម្ដងហើយម្ដងទៀត វាជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នដែរ ព្រោះសញ្ញានេះបញ្ជាក់ថាមានជំងឺនៅក្នុងច្រមុះ​ ពោលគឺអាចកើតមានដុំពកដុះនៅត្រង់ច្រមុះ ឬមហារីកច្រមុះ។ មួយវិញទៀត ប្រសិន​បើមានការ​ប៉ះទង្គិចនៅក្បាល គ្មានប៉ះពាល់ត្រូវផ្នែកច្រមុះសោះ តែបែរជាបន្តិចក្រោយ​មកមានឈាមហូរចេញតាមរន្ធច្រមុះ ឬជាវត្ថុរាវជាសភាពថ្លាៗ​ជាងឈាមធម្មតា យើងត្រូវតែរួសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះវាជាគ្រោះថ្នាក់ក្បាលដ៏ធ្ងន់ធ្ងរ។

ខ្ញុំសូមរម្លឹកឡើងវិញថា ប្រសិនបើមានអាការៈហូរឈាមច្រមុះ យើងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ថា តើវាបណ្ដាលមកពីអ្វី? បើហូរ​ឈាមដោយសារយើងយកកូនដៃទៅកេះច្រមុះ ឬ​មានអ្វីប៉ះទង្គិចជា​មួយនឹងច្រមុះ គឺពុំចាំបាច់ព្រួយបារម្ភឬបញ្ជូនអ្នកជំងឺទៅព្យាបាលនៅ​មន្ទីរពេទ្យនោះទេ។ ប៉ុន្តែ បើអ្នកជំងឺហូរឈាមច្រមុះច្រើនអត់បាត់ ឬហូរដោយសារមាន​ការប៉ះទង្គិចក្បាលដោយគ្មានការប៉ះទង្គិចច្រមុះ ឬក៏បង្កឡើងដោយដុំពកដុះនៅត្រង់ច្រមុះ ឬមហារីកច្រមុះ យើងត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯកទេសជាបន្ទាន់៕
សម្រង់ប្រសាសន៍ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយក្រុមការងារ MJQUP
ប្រភព៖ MJQ University Press