ថ្មីៗនេះ យោងតាមក្រសួងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញអំពីការព្យាករទុកថា ប្រទេសរបស់ខ្លួន នឹងអាចទាក់ទាញការវិនិយោគពីបរទេស យ៉ាងហោចណាស់ ១០០ពាន់លានបាត (ជាង ២,៨ពាន់លានដុល្លារ) សម្រាប់ពេញមួយឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Sinit Lertkrai បានមានប្រសាសន៍ថា ការបើកចំហពេញលេញឡើងវិញរបស់ប្រទេស នៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ គឺបានរួមចំណែកយ៉ាងខ្លាំង ក្នុងការទាក់ទាញការបណ្តាក់ទុន ពីជនបរទេស នៅក្នុងប្រទេសខ្លួន ។
លើសពីនេះទៅទៀត ក្រុមហ៊ុនបរទេសជាច្រើន ដែលកំពុងបណ្តាក់ទុនជាពិសេស ទៅក្នុងឧស្សាហកម្មដែលកំពុងមានសក្តានុពលខ្ពស់ ដូចជា ការផលិតរថយន្តអគ្គិសនី កសិកម្ម អាហារ បច្ចេកវិទ្យាជីវសាស្រ្ត ទេសចរណ៍ សុខភាព និងអាជីវកម្មឌីជីថលផ្សេងទៀត ក៏កំពុងតែមានផែនការ សម្រាប់ការពង្រីកផលិតកម្មរបស់ពួកគេបន្ថែមទៀត នៅក្នុងប្រទេសថៃផងដែរ ។
មិនតែប៉ុណ្ណោះ ការវិនិយោគពីបរទេស ក៏ត្រូវបានជំរុញដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលរដ្ឋាភិបាល និងវិស័យឯកជន កំពុងតែសហការគ្នាបង្កើនទៅលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
គួរឱ្យដឹងថា បើតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងកាលពីថ្ងៃទី ២៣ ខែកុម្ភ: បានបង្ហាញថា ទឹកប្រាក់សរុបចំនួន ៥,១២ពាន់លានបាត ត្រូវបានវិនិយោគ នៅក្នុងប្រទេសថៃ កាលពីខែមុន ដោយក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន ៥២ ត្រូវបានចុះហត្ថលេខាក្រោមច្បាប់ធុរកិច្ចបរទេស ។
ជម្រាបជូនផងដែរថា ប្រទេសសំខាន់ៗចំនួន ៥ ដែលបានចូលមកបោះទុនវិនិយោគធំជាងគេ នៅក្នុងប្រទេសថៃ មានដូចជា ជប៉ុន ដែលមានគម្រោងវិនិយោគចំនួន ១៤ ក្នុងតម្លៃ ៣,៥៨ពាន់លានបាត បន្ទាប់មកគឺប្រទេសចិន មានគម្រោងចំនួន ៣ ជាមួយទុនវិនិយោគ ៥៤៨លានបាត , ប្រទេសសិង្ហបុរី មាន ៦ គម្រោង ដែលមានតម្លៃ ៤១០លានបាត , ចក្រភពងង់គ្លេសមានគម្រោងចំនួន ៥ ជាមួយទុន ៩៨លានបាត និងសហរដ្ឋអាមេរិកមាន ៦ គម្រោង ក្នុងតម្លៃ ៩លានបាត។
រម្លឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុនក្រៅប្រទេស ដែលបានមកចុះបញ្ជីនៅក្រោមច្បាប់ពាណិជ្ជកម្មបរទេស បានចាក់បញ្ចូនទឹកប្រាក់វិនិយោគចំនួន ១២៩ពាន់លានបាត នៅក្នុងប្រទេស ពោលគឺបានកើនឡើង ៥៦% ពីមួយឆ្នាំទៅមួយឆ្នាំ ៕