ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើដល់អាមេរិកលើការវិនិយោគវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យបង្អែកនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក បួន សារៈមុនី រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ម៉ៃឃើល មីឆាឡាក់(Ambassador Michalak) ប្រធានគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនោះ លោក បួន សារៈមុនី បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បើទោះបីជាមានវិបត្តិកូវីដយ៉ាងណា ក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការវិនិយោគសាងសង់រោងចក្រតម្លើងរបស់ក្រុមហ៊ុនFord និងក្រុមហ៊ុន RMAនៅខេត្តពោធិ៍សាត់ កាលពីឆ្នាំកន្លងទៅ។ការចូលរួមរបស់ក្រុមហ៊ុន Visa និងក្រុមហ៊ុន Mastercard លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេង។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានលើកទឹកចិត្តក៏ដូចជាការស្នើទៅភាគីអាមេរិក ក្នុងការឱ្យអាមេរិកបន្តការវិនិយោគ ក៏ដូចជាជួយគៀងគរវិនិយោគិនសំខាន់ៗ មកកម្ពុជា ក្នុងវិស័យមួយចំនួនដូចជា វិស័យចំណីអាហារ សុខាភិបាល ពិសេសគឺការចូលរួមក្នុងគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក ម៉ៃឃើល មីឆាឡាក់ បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នឹងព្យាយាមពង្រឹងអាជីវកម្មដែលមានស្រាប់នៅកម្ពុជា និងទាក់ទាញការវិនិយោគបន្ថែកមកកម្ពុជា ពិសេសនឹងជួយគាំទ្រដល់ការកសាងសមត្ថភាព ធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។
គួរបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុនអាហារូបត្ថម្ភអាមេរិក បាននឹងបន្តសហការជាមួយបណ្តាមន្ទីពេទ្យនានា ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាផងដែរ៕