សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២ អាណត្តិទី១ របស់ខ្លួនដែលមានសមាសភាពក្រុមប្រឹក្សាភិបាលចូលរួមចំនួន ២៨រូប លើចំនួនក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប ក្រោមអធិបតីភាព អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃ ស.ឧ.ក. និងជាប្រធានអង្គប្រជុំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ាប្រធាន បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលមានវត្តមាន និងបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២នេះ។ បន្ទាប់មកទៀត អ្នកឧកញ៉ាប្រធាន ក៏បានរម្លឹកបញ្ជាក់ឡើងវិញអំពីចក្ខុវិស័យ និងបេសកកម្មរបស់សមាគម ដែលក្នុងនោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីលើកកំពស់ឧត្តមភាពនៃគោរមងារឧកញ៉ា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំកសាងសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជាទាំងមូល។
អង្គប្រជុំមានរបៀបវារៈចំនួន៤ សំខាន់ៗ ហើយអ្នកឧកញ៉ាប្រធាន បានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័ត ហើយក៏បានស្នើឱ្យសមាជិកអង្គប្រជុំលើកជាចំណុចពិភាក្សាបន្ថែម បើសិនជាមាន។ របៀបវារៈទាំង៤ រួមមាន៖ ១)របាយការណ៍ហិរញ្ញវត្ថុ និងផែនការឆ្នាំ២០២៣, ២)សមិទ្ធិផលសម្រេចបាន និងវឌ្ឍនភាពការងារ, ៣)ការអនុម័តបទបញ្ជាផ្ទៃក្នុង និង ៤)ផែនការបញ្ចូលសមាជិកបន្ថែម។ របៀបវារៈទាំងអស់ត្រូវបានពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងអនុម័ត។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕