ប្រធានមន្ទីរសុរិយោដី រាជធានីភ្នំពេញ ទទួលការដំឡើងឋានៈស្មើ «អនុរដ្ឋលេខាធិការ» បន្ថែមលើមុខងារបច្ចុប្បន្ន

សង្គម​ និង​សេដ្ឋកិច្ច

នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ​ដំឡើងឋានៈលោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ មានឋានៈស្មើ «អនុរដ្ឋលេខាធិការ» បន្ថែមលើមុខងារ​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក សារិន វណ្ណា អតីត​អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ត្រូវបានលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និង​រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខា តែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបីយកម្ម​រាជធានីភ្នំពេញ ជំនួសលោក ជា ស្រ៊ុន ប្រធានមន្ទីរចាស់ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ តាំង​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។

ទោះ​បី​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ​​​ចាក​ចេញ (បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ) ជំនួស​វិញ​ដោយ​​លោក​ឧប​​នាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​ក្រសួងដែនដី​ថ្មី ក៏​លោក​ សារិន វណ្ណា នៅ​តែ​បន្ត​ទទួល​បាន​តំណែង​​ជា​ប្រធាន​មន្ទីរ​​សុរិយោដី​រាជធានីភ្នំពេញ រហូត​មក​ដល់​បច្ចុប្បន្ន សរុប​រយៈពេល​ប្រមាណ​ជិត​ ​​​៨​​ឆ្នាំ​មក​ហើយ។

លោក សារិន វណ្ណា ​ជា​ប្រធាន​មន្ទីរ​សុរិយោដី​មួយ​រូប​គត់ ដែល​បាន​ទទួល​ងារ «ឯកឧត្តម» ​​តាម​រយៈ​ព្រះរាជក្រឹត្យ​ តាំង​ពី​​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ២០១៨ ដែល​បាន​​​តែងតាំង​រូប​លោក​ជា​ ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈស្មើ «អគ្គនាយក» បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

សូម​ជម្រាប​ថា លោក សារិន វណ្ណា ​​​ក៏​ត្រូវ​បាន​សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​តែងតាំង​ជា​ អនុប្រធាន​កាកបាទក្រហមរាជធានីភ្នំពេញ កាល​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។ ​ប្រធាន​មន្ទីរសុរិយោដី​រាជធានីភ្នំពេញ​រូប​នេះ ​​​​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន ផ្តល់​គ្រឿង​ឥស្សរិយយស «ជាតូបការ» ដែល​ជា​មេដាយ​ខ្ពស់​បំផុត​របស់​កម្ពុជា ​សម្រាប់​បុគ្គល​ដែល​ជួយ​បម្រើ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ២០២១ ហើយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​បំពាក់​មេដាយ​ជូន​លោក​ដោយ​ផ្ទាល់​ផង​ដែរ៕