ក្រុមហ៊ុនអាមេរិកជាច្រើនបានសម្លឹងឃើញពីសក្ដានុពលនៃការវិនិយោគរយៈពេលយូរអង្វែង នៅលើទីផ្សារប្រទេសចិន ហើយពួកគេក៏មានបំណងចង់ពង្រីកខ្លួនឲ្យកាន់តែធំនៅទីនោះ ក្នុងឆ្នាំនេះផងដែរ។
យោងតាមការចុះផ្សាយពី CGTN បានបង្ហាញថា រាប់តាំងពីក្រុមហ៊ុនអាហារ រហូតដល់ក្រុមហ៊ុនប្រណីតៗជាច្រើន សុទ្ធតែបង្ហាញឆន្ទៈមកវិនិយោគនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ តួយ៉ាងកាលពីឆ្នាំទៅ McDonald’s បានបើកហាងជាង ៧០០ កន្លែងនៅប្រទេសចិន ហើយសម្រាប់ឆ្នាំនេះ ពួកគេមានបំណងចង់ពង្រីកបន្ថែម ៩០០ កន្លែងទៀត។
ដោយឡែក សម្រាប់ហាងកាហ្វេល្បីឈ្មោះ Starbucks វិញ ក៏បង្ហើបពីគម្រោងខ្នាតយក ចង់បង្កើតសាខានៅប្រទេសចិនឲ្យបាន ៩ ០០០ កន្លែងត្រឹមឆ្នាំ ២០២៥ និងបង្កើតឱកាសការងារ ៣៥ ០០០ កន្លែងទៀតផង។
សូមជម្រាបដែរថា យោងតាមការព្យាករពីសេដ្ឋកិច្ចវិទូជាច្រើនសុទ្ធតែបង្ហាញពីក្ដីបារម្ភ នៃការធ្លាក់ចុះសេដ្ឋកិច្ចនៅលោកខាងលិច ខណៈពួកគេបែរជាបង្ហាញថា សេដ្ឋកិច្ចនៅចិនកំពុងងើបឡើងវិញខ្លាំង ស្របពេល Goldman Sachs បានទម្លាយថា សេដ្ឋកិច្ចចិនអាចកើនរហូតដល់ ៥,៥% នៅក្នុងឆ្នាំ ២០២៣ នេះ៕