មួយខែគត់ Adani Group របូតលុយអស់ជាង ១៥០ ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា Gautam Adani បានជួបប្រទះការខាតបង់​ដ៏ធំ​សំបើម​ ពោល​រយៈពេលតែមួយខែប៉ុណ្ណោះ ពួកគេរបូតលុយអស់រហូតដល់ ១៥៤ ពាន់លានដុល្លារ។ នេះបើតាម​ការចុះផ្សាយពី TheStreet។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការខាតបង់​មិនធ្លាប់មាននេះ គឺកើតមានឡើង​បន្ទាប់ពីក្រុមហ៊ុនអាមេរិក Hindenburg បញ្ចេញព័ត៌មានថា អតីតអ្នកមានដាច់គេ​នៅអាស៊ី ជាប់ពាក់ព័ន្ធនឹងការឆបោកទីផ្សារហ៊ុន និងលាងលុយកខ្វក់។

បន្ទាប់ពីព័ត៌មានខាងលើបានចែកចាយភ្លាមៗ តម្លៃហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Adani Group មានការធ្លាក់ចុះជាខ្លាំង ហើយបើទោះជាមហាសេដ្ឋី Adani ចេញមុខបកស្រាយ​យ៉ាងណា ក៏មិនអាចស្រោចស្រង់ស្ថានការណ៍បានប្រសើរឡើយ។

ក្នុងនោះ ស្ថាបនិកក្រុមហ៊ុនក៏ទទួលការខាតបង់មិនស្ទើរផងដែរ ពោលគិតត្រឹមចុងខែកុម្ភៈនេះ Gautam Adani របូតលុយអស់ជាងពាក់កណ្ដាលពី ៨០,៦ ពាន់លានដុល្លារ មកនៅត្រឹមប្រហែល ៤០ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈ Bloomberg Billionaires Index សង្កត់ធ្ងន់ថា ទំហំទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីឥណ្ឌា អាចនឹងបន្តធ្លាក់ចុះទៀត បើសិនស្ថានការណ៍នៅតែមិនមានភាពប្រសើរវិញ៕