រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ពេលនេះមានក្រុមហ៊ុនធំមួយទៀតហើយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនខ្សែទី៤ ភ្នំពេញ- ប៉ោយប៉ែត ក្រោយមានគម្រោងបើកឱ្យដំណើរការសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ រួមទាំងមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួចមក។
ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះធ្វើការសិក្សា លើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែត នេះផងដែរ។
បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណការ កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្តាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តង ដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល។
លោកបានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ទើបមានក្រុមហ៊ុនជាច្រើន តែងតែចង់មកបណ្តាក់ទុននៅកម្ពុជានេះ ហើយកម្ពុជាបើគ្មានសុខសន្តិភាព គឺគ្មានប្រទេសណាហ៊ានមកដាក់ទុកជាច្រើនរយលានដុល្លារ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ តែដោយសារកម្ពុជា មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានសេដ្ឋកិច្ចរីកចំរើន ទើបមានប្រទេសជាច្រើនតែងតែចង់មកបណ្តាក់ទុនដូចនេះ៕