រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធទី ១ ខែកុម្ភ: ឆ្នាំ ២០២៣ នេះ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក Tesla នឹងបើកការិយាល័យដំបូង រួមទាំងសាងសង់បណ្តាញស្ថានីយ៍សាកបំពេញ សម្រាប់រថយន្តរបស់ពួកគេ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNA ។
លើសពីនេះ បើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី (MITI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក្យស្នើសុំរបស់ក្រុមហ៊ុន Tesla ក្នុងការនាំយករថយន្តអគ្គិសនី មកកាន់ប្រទេសម៉ាឡេស៊ី គឺត្រូវបានអនុម័តរួចរាល់ហើយ ដោយក្រុមហ៊ុនអាមេរិកមួយនេះ នឹងបើកកន្លែងដាក់តាំងបង្ហាញ និងមជ្ឈមណ្ឌលថែទាំ នាពេលខាងមុខ ។
មិនតែប៉ុណ្ណោះ ក្រសួងខាងលើ បានបន្ថែមឱ្យដឹងទៀតថា វត្តមានរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងអាចនាំនូវការបង្កើតការងារជំនាញ ក៏ដូចជាបង្កើនការចូលរួមជាពិសេសរបស់ក្រុមហ៊ុនក្នុងស្រុក នៅក្នុងប្រព័ន្ធអេកូឡូស៊ី ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ លោក Tengku Zafrul Aziz បាននិយាយថា ៖ ” យើងរីករាយ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Tesla សម្រាប់វត្តមានរបស់ពួកគេ នៅក្នុងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបានពីទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុន Telsa លើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចដ៏អំណោយផលរបស់យើង ” ។
លោក Tengku បានមានប្រសាសន៍ទៀតថា MITI និងភ្នាក់ងារពាក់ព័ន្ធរបស់ខ្លួន នឹងនៅតែបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អភាពងាយស្រួល នៃការធ្វើអាជីវកម្មប្រភេទនេះ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយរដ្ឋាភិបាលមានគោលបំណងជួយជំរុញតម្រូវការរថយន្តអគ្គិសនី នៅទីផ្សារក្នុងស្រុក និងលើកកម្ពស់ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបន្ថែមទៀត ៕