កាលពីថ្ងៃទី ០១ មីនាកន្លងទៅ គណបក្សប្រឆាំងថៃធំបំផុតគឺ គណបក្សភឿថៃបានប្រកាសចាត់តាំងអ្នកជំនួញមានមុខមាត់ម្នាក់ ជាទីប្រឹក្សាជាន់ខ្ពស់ថ្មី មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
ការចាត់តាំងនេះផងដែរ ប្រៀបដូចជាការចាក់សាំងថែមលើភ្លើងកំពុងឆេះ ស្របពេលថ្មីៗនេះលឺដំណឹងថា លោក Srettha Thavisin នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sansiri នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយពី Businesstimes។
ទន្ទឹមនឹងនោះ គណបក្សប្រឆាំងរដ្ឋាភិបាលថៃក៏បានបង្ហើបថា ពួកគេនឹងដាក់ឈ្មោះបេក្ខភាព ៣ រូប សម្រាប់ការបោះឆ្នោតសារនេះ ខណៈបេក្ខភាពដែលសង្ស័យលេចមុខក្នុងបញ្ជីខ្លាំងបំផុតគឺ កូនស្រីពៅលោក ថាក់ស៊ីន អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា និងអ្នកជំនួញមានមុខមាត់ Srettha Thavisin។
គួររំលឹកដែរថា គណបក្សភឿថៃធ្លាប់ឈ្នះគ្រប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០១ ខណៈសាច់ញាតិអ្នកនាង ផែថុងថាន ពោលឪពុកបង្កើត និងមីង សុទ្ធតែធ្លាប់ជាថ្នាក់ដឹកនាំប្រទេស ប៉ុន្តែត្រូវបានផ្ដួលរំលំដោយរបបយោធា កាលពីឆ្នាំ ២០០៦ និង ២០១៤៕