សារព័ត៌មានចិនចេញមុខរិះគន់ អាមេរិកជុំវិញការបាញ់ទម្លាក់បាឡុងចិន

អន្តរជាតិ

កាលពីដើមខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសក្ដែងៗថា ចិនបានបង្ហោះបាឡុង​ចារកម្មចូលក្នុងដែនអាកាសរបស់ខ្លួន ហើយបើទោះជាចិនចេញមុខអះអាងបែបណា ក៏ពួកគេមិនព្រមទទួលយកដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលងបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលអាមេរិកក៏បានបាញ់បាឡុង ៣ ទៀត ប៉ុន្តែក្រោយមកពួកគេ​បញ្ជាក់ថា បាឡុងទាំង ៣ នោះមិនទាក់ទងនឹងបាឡុងចារកម្ម ហើយក្នុងចំណោមនោះ​មានបាឡុងមួយ តម្លៃតែ ១២ ដុល្លារប៉ុណ្ណោះ ខណៈគ្រាប់មីស៊ីលដែលអាមេរិក​ប្រើប្រាស់ក្នុងការបាញ់ទម្លាក់ គឺមានតម្លៃរហូតដល់ជាង ៤ សែនដុល្លារ។

ជាមួយគ្នានេះ សារព័ត៌មាន CGTN បានចេញមុខថ្កោលទោសអាមេរិកថា ការបាញ់ទម្លាក់​បាឡុង​ដែល​ចិនអះអាងថា បង្ហោះក្នុងគោលបំណងស្រាវជ្រាវ គឺជាការបង្វែរចំណាប់អារម្មណ៍ព័ត៌មាន​ប៉ុណ្ណោះ ពោល​មួយថ្ងៃមុនកើតហេតុ មានហេតុការណ៍ក្រឡាប់រថភ្លើងដឹកសារធាតុគីមីនៅ​រដ្ឋ Ohio។

ប្រភពខាងដើមអះអាងទៀតថា សារធាតុគីមីដែលខូចខាតក្នុងករណីក្រឡាប់រថភ្លើងនោះ បាន​ធ្វើឲ្យប្រជាជនក្នុងតំបន់​មានអាការៈ​មិនស្រួលខ្លួន ប្រឈមនឹងជំងឺផ្សេងៗ ខណៈសត្វចិញ្ចឹម និងសត្វស្រុកជាច្រើនបានស្លាប់ ដោយសាររងឥទ្ធិពលពីវា។

ដូច្នេះដើម្បីបង្វែរចំណាប់អារម្មណ៍​ប្រជាជន​ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាន​បញ្ជាឲ្យបាញ់​ទម្លាក់បាឡុងរបស់ចិន និងចោទថាជាបាឡុងចារកម្ម បង្កើតជាព័ត៌មានរសើបឲ្យ​ពលរដ្ឋអាមេរិក ភ្លេច​ភាពចលាចល​ក្នុងប្រទេស ដ្បិតទំនាក់ទំនងរវាងចិន និងអាមេរិកក៏មិនសូវល្អជាជាមួយគ្នា​ប៉ុន្មានឡើយ។ នេះបើតាមសម្ដីអ្នកសារព័ត៌មាន Saina នៃស្ថាប័ន CGTN Digital បានលើកឡើង៕