យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា លោក Vo Van Thuong ដែលជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម (CPV) ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ស្ថាប័ននីតិប្បញ្ញតិ្តកំពូលរបស់វៀតណាម បានកោះប្រជុំជាពិសេសមួយ ហើយបានសម្រេចជ្រើសរើសយកលោក Thuong ជាប្រធានាធិបតីថ្មី ជាមួយនឹងសំលេងគាំទ្ររហូតដល់ទៅ ៩៨,៣៨% ឯណោះ ។
ក្នុងសេចក្តីថ្លែងការណ៍អំឡុងពេលស្បថចូលកាន់តំណែង លោក Thuong បានប្តេជ្ញាចិត្តថា នឹងបម្រើប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខិតខំបំពេញកាតព្វកិច្ច ដែលបក្សកុម្មុយនិស្តវៀតណាម ប្រគល់ជូន ខណ:ពេលដែលលោកនឹងត្រូវបម្រើការងារ សម្រាប់អាណតិ្តបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០២៦ ។
យ៉ាងណាមិញ មុនពេលអាចទទួលបានតំណែងដ៏កំពូលរបស់ប្រទេសវៀតណាមនេះ តើលោក Thuong មានប្រវតិ្តបែបណាខ្លះ?
លោក Thuong បានកើតនៅក្នុងខែធ្នូ ឆ្នាំ ១៩៧០ នៅក្នុងខេត្ត Vinh Long ប្រទេសវៀតណាម លោកត្រូវបានចាត់ទុកថាជាសមាជិកដែលមានវ័យក្មេងជាងគេ ក្នុងចំណោមសមាជិកការិយាល័យនយោបាយនៃបក្ស CPV ។
ជុំវិញប្រវត្តិសិក្សា លោក Thuong ទទួលបានសញ្ញាបត្រអនុបណ្ឌិតសិល្ប:ផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយពីបណ្ឌិតសភានយោបាយជាតិហូជីមិញ ។
លោក Thung បានចាប់ផ្តើមចូលប្រឡូកនៅក្នុងអាជីពនយោបាយដំបូង នៅក្នុងឆ្នាំ ១៩៩៣ ដោយធ្វើការទៅលើកិច្ចការនិស្សិត និងយុវជន ហើយបានបន្តក្លាយជាលេខានៃសហភាពយុវជនកុម្មុយនិស្តទីក្រុងហូជីមិញ នៅក្នុងឆ្នាំ ២០០៣ ។
បន្ទាប់មកទៀត លោកត្រូវបានជ្រើសរើសជាសមាជិកជំនួសនៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត នៅក្នុងឆ្នាំ ២០០៦ ហើយត្រូវបានតែងតាំងជាលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនកុម្មុយនិស្តហូជីមិញ ក្នុងឆ្នាំ២០០៧។
លុះដល់ឆ្នាំ ២០១១ លោក Thuong ត្រូវបានជ្រើសតាំងជាសមាជិកនៃគណ:កម្មាធិការមជ្ឈិមបក្ស CPV ហើយបន្ទាប់មកទៀត ត្រូវបានតែងតាំងជាលេខាគណ:កម្មាធិការបក្ស ប្រចាំខេត្ត Quang Ngai ចាប់ពីខែសីហា ឆ្នាំ ២០១១ ដល់ខែមេសា ឆ្នាំ ២០១៤ ។
ក្រោយមកទៀត ដោយបានមើលឃើញពីសមត្ថភាព លោក Thuong ត្រូវបានការិយាល័យនយោបាយ សម្រេចតែងតាំងជាអគ្គលេខាធិការរងអចិន្ត្រៃយ៍ នៃគណ:កម្មាធិការបក្សក្រុង ប្រចាំទីក្រុងហូជីមិញ សម្រាប់អាណតិ្តឆ្នាំ ២០១៥ ដល់ ២០២០ ។
អំឡុងអាណត្តិនោះ លោក Thuong ក៏ធ្លាប់បានជាប់ឆ្នោតសារជាថ្មី ក្នុងគណ:កម្មាធិការកណ្តាលបក្ស CPV នៅក្នុងឆ្នាំ ២០១៦ ផងដែរ ហើយបានក្លាយជាសមាជិកការិយាល័យនយោបាយជាលើកដំបូង។
នៅក្នុងឆ្នាំ ២០២១ លោក Thuong ត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការកណ្តាលបក្ស CPV ជាលើកទី ៣ ហើយបានក្លាយជាសមាជិកនៃការិយាល័យនយោបាយ ជាលើកទីពីរ។ គាត់ក៏ត្រូវបានចាត់តាំងឱ្យធ្វើជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល CPV ផងដែរ។
ជម្រាបជូនផងដែរ ដោយមានការទុកចិត្តខ្ពស់ ក្នុងចំណោមសមាជិកបក្ស លោក Thuong ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី របស់វៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីដំណែង ដោយហេតុផលផ្ទាល់ខ្លួន និងចំពេលមានការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំ ៕