ត្រឹម ២ ខែដំបូងឆ្នាំនេះ វៀតណាមទាក់ទាញការវិនិយោគជាង ៣ពាន់លានដុល្លារពី FDI

អន្តរជាតិ

យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញឱ្យដឹងថា វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបចំនួន ៣,១ពាន់លានដុល្លារ ក្នុងរយ:ពេល ២ ខែដំបូង ឆ្នាំ ២០២៣ នេះ ប៉ុន្តែវាបានធ្លាក់ចុះ ៣៨% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញទៀតថា ក្នុងចំណោមការវិនិយោគសរុប ទឹកប្រាក់ចំនួន ១,៧៦ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងថ្មីៗចំនួន ២៦១ ខណ:ទឹកប្រាក់ចំនួន ៥៣៥,៤លានដុល្លារទៀត ត្រូវបានបោះទុនទៅលើគម្រោងដែលមានសម្រាប់ ចំនួន ១៣៣ ស្របពេលការទិញភាគហ៊ុនដោយក្រុមអ្នកវិនិយោគិនបរទេស ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧៩៧,៩លានដុល្លារ ។

គួរឱ្យដឹងថា សម្រាប់វិស័យផលិតកម្ម គឺទទួលបាន FDI ច្រើនជាងគេ ដែលក្នុងនោះមានទឹកប្រាក់វិនិយោគចំនួន ២,១៧ពាន់លានដុល្លារ ស្មើនឹង ៧០,១% នៃការវិនិយោគសរុប និងបន្ទាប់មកគឺទៅលើវិស័យអចលនទ្រព្យ ដែលមានចំនួន ៣៩៦,៩លានដុល្លារ ស្របពេលការលក់ដុំ និងរាយ មានទុនវិនិយោគ ២០២,១លានដុល្លារ ។

ជាមួយគ្នានេះ ប្រទេសសិង្ហបុរី គឺជាអ្នកវិនិយោគបរទេសធំជាងគេ នៅវៀតណាម ក្នុងអំឡុងរយ:ពេល ២ ខែកន្លងមកនេះ ជាមួយនឹងការបោះទុនវិនិយោគសរុបចំនួន ៩៧៨,៤លានដុល្លារ ពោលគឺស្មើទៅនឹងជិតមួយភាគបីនៃតួលេខសរុប ។

តៃវ៉ាន់ ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយទុនវិនិយោគ ៤០៧,១លានដុល្លារ និងហូឡង់ជាប់លេខ ៣ ជាមួយការវិនិយោគ ៣៦៩លានដុល្លារ ស្របពេលវិនិយោគគិតធំៗផ្សេងទៀត មានដូចជាចិន សាធារណរដ្ឋកូរ៉េ និងស៊ុយអែត ៕