មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា ក្នុងរយៈពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសមាជិកសហគមន៍ តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់បានចំនួន៣៩៩ ករណី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ចំនួន៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ៤២ករណីដែលមានមនុស្សពាក់ព័ន្ធជិត១០០ នាក់។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ មន្ត្រីឧទ្យានុ រក្ស និងប្រជាសហគមន៍តំបន់ ការពារធម្មជាតិ បានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖ រឹបអូសរណារយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត០២គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើ ដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគុប ឈើហុប និងឈើដុំចំនួន ១៦៥ កំណាត់។
ជាមួយគ្នានេះ នៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន៣៤ រោង ហើយបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។
ទោះយ៉ាងណា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តន៍គម្រោងការពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។
គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ ប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹង សមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច៕