Tesla ត្រៀមបោះទុន ៥ពាន់លានដុល្លារ សាងសង់រោងចក្រខ្នាតយក្ស នៅប្រទេសម៉ិកស៊ិក

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយ (EV) Tesla បានប្រកាសអំពីផែនការអភិវឌ្ឍរោងចក្រថ្មីតម្លៃ ៥ពាន់លានដុល្លារ នៅក្នុងប្រទេសម៉ិកស៊ិក ខណ:ការបោះទុនដ៏ច្រើនសម្បើមបែបនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះ ក្លាយជាក្រុមហ៊ុនទី ២ ដែលបានប្រកាសអំពីផែនការផលិតអាគុយទ្រង់ទ្រាយធំ នៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីដើមសប្តាហ៍នេះថា រោងចក្រខ្នាតយក្សថ្មីនេះ នឹងត្រូវសាងសង់ នៅជិតទីក្រុង Monterrey ។

លើសពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ក្រុមហ៊ុនរបស់គាត់ គ្រោងនឹងបង្កើនផលិតកម្មនៅគ្រប់រោងចក្រទាំងអស់ ហើយចំពោះគម្រោងសាងសង់រោងចក្រថ្មី នៅម៉ិកស៊ិកនេះ នឹងអាចបង្កើនទិន្នផលរបស់ខ្លួន បន្ថែមទៀត ។

គួរឱ្យដឹងថា Tesla មានរោងចក្រជាច្រើនកន្លែងរួចមកហើយ ដូចជានៅទីក្រុងសៀងហៃ ក្នុងប្រទេសចិន ទីក្រុងប៊ែរឡាំង ក្នុងប្រទេសអាល្លឺម៉ង់ រដ្ឋកាលីហ្វ័រញ៉ា ទីក្រុងញូវយ៉ក និងរដ្ឋណេវ៉ាដា ក្នុងទឹកដីសហរដ្ឋអាមេរិក ។

ជម្រាបជូនផងដែរថា ចំពោះការអភិវឌ្ឍរោងចក្រថ្មី នៅម៉ិកស៊ិកនេះ ក្រុមហ៊ុន Tesla នឹងទទួលបានអត្ថប្រយោជន៍ ពីឥណទានដែលផ្តោតទៅលើរថយន្តអគ្គសនី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភធនដ៏ធំមួយ ក្នុងគោលបំណងលើកកម្ពស់ និងបង្កើនផលិតកម្ម ក្នុងស្រុកទាំងអាគុយ និងរថយន្តអគ្គិសនី ។

យ៉ាងណាមិញ Tesla មិនមែនជាក្រុមហ៊ុនផលិតរថយន្តតែមួយ ដែលធ្វើការវិនិយោគនៅក្នុងប្រទេសម៉ិកស៊ិកនាពេលថ្មីៗនេះ នោះឡើយ ពោលកាលពីថ្ងៃទី ៣ ខែកុម្ភ:កន្លងទៅ ក្រុមហ៊ុន BMW ក៏បានប្រកាសអំពីផែនការវិនិយោគតម្លៃ ៨៦៦លានដុល្លារ នៅក្នុងការផលិតរថយន្តអគ្គិសនី និងអាគុយរបស់ខ្លួន នៅកណ្តាលរដ្ឋ San Luis Potosi ផងដែរ ៕