លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty បានសម្តែងការអបអរសាទរ ដែលកម្ពុជាត្រូវបានដកចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ហើយលោកឧកញ៉ាយល់ឃើញថាការដកចេញនេះ នឹងជួយដល់វិស័យអចលនទ្រព្យកម្ពុជាមួយកម្រិតទៀត។
លោកឧកញ៉ា សំ សុខនឿន បានថ្លែងប្រាប់ឧកញ៉ា ញូស៍ ឱ្យដឹងថា ជាការពិត មួយរយៈដែលកម្ពុជាជាប់ក្នុងបញ្ជីប្រផេះនោះ គឺជាអ្វីដែលកម្ពុជាមិនចង់បានទេ ហើយពីដើមមកកម្ពុជាយើង ពុំដែលធ្វើអ្វីមួយគួរទទួលបាននូវបញ្ជីប្រផេះនោះទេ។ ដោយឡែក យើងជាប់បញ្ជីប្រផេះ ដែលធ្វើឱ្យយើងមានផលលំបាកខ្លះៗទៅលើអចលនទ្រព្យ ការទិញលក់ លំហូរសាច់ប្រាក់ពីក្រៅប្រទេស ដើម្បីវិនិយោគចូលមកក្នុងកម្ពុជា។
លោកឧកញ៉ា បានបន្តថា ការដកបញ្ជីប្រផេះចេញនេះជាមោទនភាពរបស់កម្ពុជា ដែលបញ្ជាក់ទៅកាន់ពិភពលោកឱ្យដឹងថា កម្ពុជាមិនមែនជាប្រទេសលាងលុយអ្វីនោះទេ ដូច្នេះកម្ពុជាជាប្រទេសដែលត្រឹមត្រូវ ហើយការវិនិយោគផ្សេងៗសុទ្ធសឹងតែវិនិយោគពីបរទេសមកដ៏ត្រឹមត្រូវ ហើយការទិញលក់អចលនទ្រព្យផ្សេងៗ សុទ្ធតែការវិនិយោគពិតប្រាកដ មិនមែនជាការវិនិយោគជាការលាងលុយអ្វីនោះទេ។
អ្វីដែលជាចំណុចពិសេស នៅពេលកម្ពុជាត្រូវបានគេដកចេញពីបញ្ជីប្រផេះនោះ គឺសបញ្ជាក់ឱ្យឃើញថា រាល់ការវិនិយោគផ្សេងៗនៅកម្ពុជាយើង សុទ្ធតែជាការវិនិយោគដ៏ត្រឹមត្រូវ ដ៏បរិសុទ្ធ និងបញ្ជាក់ទៅកាន់ពិភពលោកឱ្យដឹងថា កម្ពុជាជាកន្លែងគួរតែវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះបានបង្ហាញថាកម្ពុជាមិនមែនជាប្រទេសលាងលុយ ឬស្ថិតក្នុងបញ្ជីប្រផេះទៀតទេ។ ការដកចេញនេះ ជាសញ្ញាវិជ្ជមានមួយបង្ហាញឱ្យឃើញថា អចលនទ្រព្យរបស់កម្ពុជា នៅតែជាវិស័យដ៏សំខាន់ ដើម្បីទាក់ទាញវិនិយោគពីក្រៅប្រទេស មកកាន់កម្ពុជាដដែល ហើយផលចំណេញពីការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា លេចធ្លោរមែនទែន ដែលមានផលចំណេញខ្ពស់។
លោកឧកញ៉ា សំ សុខនឿន បានបន្ថែមថា មិនថាតែវិស័យអចលនទ្រព្យទេ គឺគ្រប់វិស័យទាំងអស់ បានដើរយ៉ាងលឿនបំផុត មានការរីកចម្រើនខ្លាំងមែនទែន។ នេះសបញ្ជាក់ឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ ដូច្នេះការវិនិយោគលើអចលនទ្រព្យ នៅតែមានផលចំណេញខ្ពស់ ហើយការដកបញ្ជីប្រផេះពីកម្ពុជានេះ បានជួយដល់ការសង្ស័យរបស់អ្នកវិនិយោគមួយចំនួននៅក្រៅប្រទេស ដែលគិតថាតម្លៃអចលនទ្រព្យនៅកម្ពុជាមិនពិតប្រាកដ ដោយសារការលាងលុយ តែពេលនេះបានបង្ហាញឱ្យឃើញហើយ កម្ពុជាមិនបានពាក់ព័ន្ធនោះទេ ហើយតម្លៃទិញលក់អចលនទ្រព្យ គឺជាតម្លៃលើទីផ្សារពិតប្រាកដ។
សូមជម្រាបថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់យុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា ដោយបានប្រកាសជាផ្លូវការ ដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់៕