លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានបង្ហើបឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ នៅខេត្តបាត់ដំបង ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺដើម្បីបង្ហាញផលិតផលខ្មែរលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក ព្រមទាំងជំរុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជា មានការរីកចម្រើន។
លោកឧកញ៉ាអគ្គនាយក បានថ្លែងក្នុងវីដេអូឃ្លីបមួយយ៉ាងដូច្នេះថា ដោយមើលឃើញថា កម្ពុជាមានផលិតផលជាច្រើន ដែលមិនទាន់បានបង្ហាញនៅលើទីផ្សារ អាស្រ័យហេតុនេះសភាពាណិជ្ជកម្មកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ នៅខេត្តបាត់ដំបង ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេនផ្សារ ភួ ពុយ។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏សូមអំពាវនាវសភាពាណិជ្ជកម្មខេត្តទូទាំងប្រទេស មេត្តាអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំឱ្យបានគ្រប់ខេត្តទៅអនាគត និងដើម្បីបង្ហាញផលិតផលលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុកដែរ ធ្វើយ៉ាងណាឱ្យការរកស៊ីនៅកម្ពុជាមានការរីកចម្រើនទៅមុខបាន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣នេះ ជាពិព័រណ៍ទីមួយរបស់សភាពាណិជ្ជកម្មកម្ពុជា រៀបចំឡើង ហើយក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ការដាក់តាំងបង្ហាញផលិតផលខ្មែរ កម្មវិធីជំនួបពាណិជ្ជកម្ម កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន រួមទាំងប្រធានបទឱកាសអាជីវកម្មនៅខេត្តបាត់ដំបង កម្មវិធីប្រកួតប្រជែងអ្នកលក់ឆ្នើម កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព និងការប្រគុំតន្រ្តីរយៈពេល៣យប់ផងដែរ។
ព្រិត្តិការណ៍ដ៏ធំនៅក្នុងខេត្តបាត់ដំបង ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» ដោយមានការចូលរួមសហការពី ក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង និងផ្នែកឯកជន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាវេទិកាជំរុញនិងផ្សព្វផ្សាយសក្តានុពលផលិផល កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង៕