រដ្ឋបាលខេត្តតាកែវ បានចាត់ទុកថា សិប្បកម្មតម្បាញសំពត់ហូល ផាមួង ជាមុខរបរតកូនតចៅវង្សត្រកូលរបស់ខ្មែរស្ទើរតែគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា ជាពិសេសនោះប្រជាពលរដ្ឋរស់នៅខេត្តតាកែវ។ ជាក់ស្តែង សិប្បកម្មប្រពៃណីក្នុងស្រុកចំនួន៣ ដែលជាស្រុកដែលចាប់របរត្បាញហូល ផាមួង ច្រើនជាងគេរបស់ ខេត្តតាកែវ អាចផលិតហូល ផាមួង ជាមធ្យមជិត៤ពាន់ក្បិនផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា ប្រជាពលរដ្ឋខេត្តតាកែវ ក្រៅពីការងារកសិកម្ម ពួកគាត់នាំគ្នារវៃអំបោះសូត្រធ្វើជាសំពត់ ហូល ផាមួង បានយ៉ាងល្អប្រណីត។ លោកថា មុខរបរនេះ ក៏កំពុងជួយបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមាន
លោកបន្តថា៖ «សិប្បកម្មប្រពៃណីត្បាញហូល-ផាមួង ពិតជាបានលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ ជាមួយគ្នានេះ ខេត្តតាកែវ មានស្រុកចំនួន ៣ ដែលមានសិប្បកម្មប្រពៃណីផលិតហូលផាមួង មានកីតម្បាញចំនួន ១.២៩២កី ដែលអាចផលិតហូល ផាមួង បានជាមធ្យម ៣.៨៧៦ក្បិនថែមទៀត»។
គួរបញ្ជាក់ដែរថា ខេត្តតាកែវ ក្រៅពីមានសិប្បកម្មផលិតហូលផាមួងហើយនោះ បច្ចុប្បន្នខេត្តតាកែវា មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ០២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់, រោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់។ជាងនេះទៀត ខេត្តនេះ ក៏មាន រោងចក្រធុនតូច មធ្យម និងសិប្បកម្មកំពុងដំណើរការដែលបានសុំប្រកាសពីក្រសួង និងចុះបញ្ជីនៅមន្ទីរ(មូលដ្ឋាន)មានចំនួន ៥៧៧កន្លែង ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៧.៦៤៥នាក់ ស្ត្រី ៤.៦៥៣នាក់ថែមទៀត៕ អត្ថបទ៖ ពិសី