ក្រុមហ៊ុនសំណង់លំដាប់ទី១នៅសិង្ហបុរី បានស្នើសុំកិច្ចសហការពីកម្ពុជាបញ្ជូនកម្លាំងពលកម្មក្នុងវិស័យសំណង់ ដើម្បីទៅបម្រើការងារនៅក្នុងប្រទេសរបស់ខ្លួននាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំរវាងលោក ហ្រ្គីអូរី លីន (Greory Lin) នាយកប្រតិបត្តិក្រុមហ៊ុន ខេន ផាលផេត អិលធីឌី និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ លោក អ៉ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ក្រុមហ៊ុនសិង្ហបុរី ដែលថានេះ លោកថា ជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
បើតាមលោក អ៉ិត សំហេង ក្រសួងការងារ ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ លោកបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធីលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរសិន។
ក្នុងជំនួបនោះ លោក ហ្រ្គីអូរី លីន បានប្រាប់លោករដ្ឋមន្ត្រីក្រសួងការងារថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីខេន ផាលផេត អិលធីឌី បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
លោកបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។
ទន្ទឹមនឹងនោះ លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ ហើយពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមកកម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាង ១ពាន់នាក់សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕