សម្តេច​​ ហ៊ុន សែន បញ្ជា​ឲ្យ​បន្តផ្តល់​រថយន្តក្រុង​សា​ធា​រ​ណៈ​​​ដឹក​ជញ្ជូនពលរដ្ឋ ក្នុង​​ឱកាស​បុណ្យចូល​ឆ្នាំខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ​បន្តផ្តល់រថយន្ត​ក្រុងសាធារណៈ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ដោយឥតគិតថ្លៃ​ទៅតាមបណ្តា​ខេត្ត-ក្រុង និងគោលដៅនានា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញា​បត្រ​ជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប១,៧២៨នាក់ បន្ទាប់ពីពួកគេបញ្ចប់ការ​សិក្សាដោយជោគជ័យពេលកន្លងមក នៅ​ព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរនេះ  ជាពិសេសគឺ​​ដឹកបង​ប្អូន​ប្រជាពលរដ្ឋ​ទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេង​ខេត្ត​សៀម​​រាប ជាដើម ដែលត្រូវរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តនៅទីនោះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បញ្ជាក់ទៅកាន់សម្តេចតេជោដែរថា ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងបញ្ចេញរថយន្ត​ក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ដោយក្នុងនោះ ផ្លូវជាតិ​លេខ៥ ទៅកាន់ខេត្តបន្ទាយមានជ័យ និងផ្លូវជាតិលេខ៦ ទៅកាន់ខេត្តសៀមរាប នឹងចំនួនរថយន្តក្រុងច្រើនជាងគេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង សរុប ១៣ ខ្សែរត់ ដោយ​ប្រើ​ប្រាស់​រថ​យន្តក្រុង​សរុបចំនួន ២៣៥ គ្រឿង។ មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរតាម រថយន្ត ក្រុង មានចំនួនប្រមាណជា ៣ម៉ឺន​​នាក់​​ក្នុងមួយថ្ងៃ ដែលបានជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយ​ផ្ទាល់ខ្លួន កាត់បន្ថយភាពកកស្ទះចរាចរក្នុងទីក្រុង។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ  រដ្ឋបាលរាជធានីភ្នំពេញ បានទទួល​អំណោយរថយន្តក្រុងប្រភេទ​ថ្មីចំនួន២០០​ គ្រឿងរបស់​ក្រុម​ហ៊ុន ប៊ូយ៉ុង គ្រុបផងដែរ៕