ថ្លែងក្នុងឱកាស កូនប្រុសច្បង សុវត្ថិ មុនី្នវណ្ណ ចូលរួមជាតារាចម្រៀងថ្មី ក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ាព្រាប សុវត្ថិ បានចែករំលែក ៥ចំណុច ដើម្បីអាចគូសវាសជីវិតសិល្បករ ក៏ដូចជារូបលោកឧកញ៉ា ផ្ទាល់ ទទួលបានជោគជ័យក្នុងវិស័យសិល្បៈដូចសព្វថ្ងៃនេះ។
លោកឧកញ៉ា ព្រាប សុវត្ថិ លើកឡើងថា៖ «កត្តាដែលធ្វើឱ្យយើងជោគជ័យ គឺត្រូវមាន ភាពស្មោះត្រង់ ភាពត្រឹមត្រូវ គុណធម៌ សុជីវធម៌ និងសីលធម៌»។
តារាចម្រៀងចាស់វស្សាកសាងភាពល្បីល្បាញសុះសាយ ទូទាំងប្រទេសកម្ពុជារូបនេះ បន្ថែមថា ភាពជោគជ័យរបស់លោកមកដល់សព្វថ្ងៃនេះ ព្រោះតែប្រកាន់ខ្ជាប់នៅ សីលធម៌ សុជីវធម៌ សីលធម៌ ភាពស្មោះត្រង់ ត្រឹមត្រូវដោយក្ដីស្រឡាញ់អស់ពីចិត្តប្រកបដោយឆន្ទៈខ្ពស់។
ក្នុងនោះដែរ ឧកញ៉ា ព្រាប សុវត្ថិ ក៏បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងវិស័យសិល្បៈក៏ដូចជាវិថីជីវិតមុនឈានជើងមកដល់ចំណុចសព្វថ្ងៃនេះ។ ដោយលោកប្រាប់ថា វាមិនមែនជារឿងចៃដន្យនោះទេសម្រាប់រូបលោកផ្ទាល់នៅរាល់សមិទ្ធផលដែលកើតមានរាល់ថ្ងៃនេះ សុទ្ធសឹងតែកើតចេញពីការតស៊ូទាំងអស់។
ម្ចាស់បទ អូនកុំបែកឆ្វេង ខាងលើថ្លែងទៀតថា៖ «ខ្ញុំចាប់ផ្ដើមដើរសម្ដែងក្នុងខ្សែភាពយន្តនិងប្រឡូកក្នុងវិស័យចម្រៀងតាំងពីឆ្នាំ១៩៩០ ដែលកាលសម័យនោះគេថតដាក់ជាថាស ដោយច្រៀងបណ្ដើរ ឡាយបណ្ដើររួ ចលក់ថាសនោះតែម្ដង»។
ការលក់ថាសចម្រៀងនេះនៅតាមបណ្ដារប្រទេសផ្សេងៗដូចជា បារាំង អ៊ឺរ៉ុបជាដើម គេលក់បាន៧០ដុល្លារទៅ៩០ដុល្លារ ដែលកាលជំនាន់នោះតម្លៃនេះគឺថ្លៃណាស់។ ដោយឡែកខ្ញុំផ្ទាល់លក់បានតែ ១៥ដុល្លារប៉ុណ្ណោះក្នុងចម្រៀងមួយបទ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចផលិតចម្រៀងតែមួយបទគឺគ្រប់គ្រាន់ហើយសម្រាប់លោក។
លោកឧកញ៉ាថា ក្ដីសុខរបស់លោកឧកញ៉ាចំពោះមុខកូនៗក៏ដូចជាគ្រួសារទាំងមូល គឺត្រឹមស្នាមញញឹម ការងារល្អប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ មានទំនួលខុសត្រូវលើការងារគឺគ្រប់គ្រាន់ហើយ។
ក្នុងដំណើរលើវិថីសិល្បៈនេះ លោកឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញនូវក្ដីរំភើបរីករាយដែលមកទល់ពេលបច្ចុប្បន្ននេះកម្ពុជាពោរពេញទៅដោយធនធានមនុស្សជាច្រើនដែលសុទ្ធសឹងតែមានទេពកោសល្យ មានស្នាដៃ ហើយផលិតកម្មកាឡាក់ស៊ីនឹងវិវត្តន៍កាន់តែធំទៅៗ ដោយខិតខំកែច្នៃតារាចម្រៀងថ្មីៗបន្ថែមទៀត ដោយផ្អែកលើការសិក្សារៀនសូត្រពីសិល្បករជើងចាស់មុនៗ។
លោកឧកញ៉ាសង្កត់ធ្ងន់ថា សិល្បៈសព្វថ្ងៃនេះរីកចម្រើនព្រោះសិល្បករឱ្យតម្លៃ ដោយបើកាលណាយើងស្រឡាញ់សិល្បៈយើងត្រូវឱ្យតម្លៃសិប្បៈដោយមិនធ្វើវាក្នុងន័យបែបផ្សេងហើយថា ស្រឡាញ់សិល្បៈនោះទេ៕
អត្ថបទ៖ សុកធា