មន្ត្រីជាន់ខ្ពស់ជប៉ុន៖ អត្រាមរណភាពខ្ពស់កប់ពពក អាចបណ្ដាលឲ្យជប៉ុនបាត់ឈ្មោះពីផែនដី

អន្តរជាតិ

ប្រទេសជប៉ុន អាចនឹងរលាយបាត់ពីផែនដី បើសិនជាអត្រាមរណភាពនៅតែកើនឡើង ខណៈអត្រាកំណើតមានការងើបឡើងយឺត និងបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។ នេះបើតាមសម្ដីទីប្រឹក្សានាយករដ្ឋមន្ត្រី អ្នកស្រី Masako Mori បានអះអាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“បើសិនជាយើងនៅតែបន្តបែបនេះ ប្រទេសមួយនេះនឹងរលាយជាមិនខាន”។ លោកស្រីលើក​ឡើងបែបនេះ បន្ទាប់ពីជប៉ុនប្រកាសពីអត្រាកំណើតដែលមានកម្រិតទាបបំផុតមួយកាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ។

ទន្ទឹមនឹងនោះ SCMP បានរាយការណ៍បន្ថែមថា អត្រាមរណភាពនៅជប៉ុនកាលពីឆ្នាំទៅ មានច្រើនជាងអត្រាកំណើតទ្វេដង ពោលអត្រាកំណើតមានប្រមាណ ៨០០ ០០០ ខណៈអត្រាមរណភាពវិញមានរហូតដល់ ១,៥៨ លានឯណោះ។

ដោយឡែក ចំនួនប្រជាជនសរុបជប៉ុនបានធ្លាក់មកនៅត្រឹម ១២៤,៦ លាននាក់ បើធៀបនឹងកម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០០៨ មានរហូតដល់ ១២៨ លាននាក់។

លោកស្រី Mori បាន​សង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយជុំវិញបញ្ហានេះទេ ប្រព័ន្ធ​សុវត្ថិភាពសង្គម​នឹងដួលរលំ កំណើនវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចក៏នឹងធ្លាក់ចុះ ហើយក៏នឹង​មិនមានកម្លាំងពលកម្ម​គ្រប់គ្រាន់ សម្រាប់​កងកម្លាំង​ស្វ័យការពារ​ប្រទេសជាតិដែរ។

សូមជម្រាបដែរថា កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ធ្លាប់បង្ហើបជារឿយៗ អំពីការ​ចំណាយ​សម្រាប់ឆ្នាំថ្មី នឹងមានការលើកកំពស់ដល់​ប្រជាជន​ក្នុងការយកកូន ដូចជាបង្កើនប្រាក់​លើកទឹកចិត្ត ប្រាក់ចំណូលសម្រាប់កុមារ និង​ពង្រឹងបន្ថែមលើ​ការកែលម្អលើសេវាកម្មថែទាំកុមារ និងការផ្លាស់ប្តូររចនាបទការងារជាដើម៕