កូរ៉េខាងជើងព្រមានប្រកាសសង្គ្រាម បើអាមេរិកបាញ់ទម្លាក់មីស៊ីលរបស់ខ្លួន

អន្តរជាតិ

កាលពីថ្ងៃអង្គារទី ០៧ មីនានេះ ប្រទេសកូរ៉េខាងជើងបានព្រមានចំៗដល់សហរដ្ឋអាមេរិកថា នឹងប្រកាសសង្គ្រាម បើសិនជាអាមេរិកហ៊ានបាញ់ទម្លាក់គ្រាប់មីស៊ីល​របស់ខ្លួន អំឡុងការបាញ់​សាកល្បងឆ្លងសមុទ្រប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បាន​បន្ថែមថា ​កូរ៉េខាងជើងអះអាងច្បាស់ៗថា ការបាញ់សាក​ល្បងគ្រាប់មីស៊ីលនេះ គឺជាវិធានការការពារជាតិរបស់ខ្លួនប៉ុណ្ណោះ និងបានចោទចំពោះការធ្វើ​សមយុទ្ធយោធានៃកងទ័ពអាមេរិក និងកូរ៉េខាងត្បូងថា ជាការត្រៀមវាយលុកលើប្រទេសរបស់​ខ្លួន។​

“វានឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមជាមួយ DPRK ក្នុងករណីការបាញ់សាកល្បងគ្រាប់​មីស៊ីលរបស់យើង ត្រូវបានរាំងស្ទះដោយប្រការណាមួយ ដ្បិតដែនសមុទ្រប៉ាស៊ីហ្វិក គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក ឬជប៉ុនឡើយ”។ នេះបើតាមសម្ដី Kim Yo jong ប្អូនស្រីបុរសមានឥទ្ធិពលបំផុត គីម ជុងអ៊ុន។

សូមជម្រាបដែរថា អាមេរិក និងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដែលមានឈ្មោះថា Freedom Shield ខណៈការហាត់សមនឹងមាន​រយៈពេល ១០ថ្ងៃ ពីថ្ងៃទី ១៣ មីនាទៅ ស្របពេលកូរ៉េខាងជើងយល់ថា ការហាត់សមនេះ​គឺជាការ​ត្រៀមខ្លួន​វាយប្រហារមកលើខ្លួន៕