កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើការថ្កោលទោសចំៗចំពោះសហរដ្ឋអាមេរិក ជុំវិញបញ្ហាចង់រារាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន និងប្ដេជ្ញាថា សម្រាប់អាណត្តិទី ៣ នេះ លោកនឹងតតាំងជាមួយអាមេរិកឲ្យអស់ពីសមត្ថភាព។
យោងតាមការចុះផ្សាយពី NYtimes បានឲ្យដឹងថា កន្លងមកលោក ស៊ី មិនដែលធ្វើការរិះគន់ចំៗបែបនេះទៅលើសហរដ្ឋអាមេរិកឡើយ ដោយគ្រាន់តែបញ្ឆិតបញ្ឆៀងប៉ុណ្ណោះ ប៉ុន្តែសារនេះលោកនិយាយចំៗតែម្ដង។
“ប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមបិទច្រកសេដ្ឋកិច្ចចិនគ្រប់ទិសទី ដែលធ្វើឲ្យពួកយើងមានផលវិបាកជាខ្លាំងក្នុងការអភិវឌ្ឍន៍ប្រទេស”។ នេះបើតាមសម្ដីប្រធានាធិបតីចិនបាននិយាយ។
គួររំលឹកដែរថា កន្លងមកចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២ មិនសូវជាមាំទាំប៉ុន្មានឡើយ ប៉ុន្តែក្រោយជំនួបរវាងមេដឹកនាំចិន និងអាមេរិកកាលពីខែវិច្ឆិកា ស្ថានការណ៍កាន់តែតឹងតែង ជាពិសេសក្រោយអាមេរិកចោទចិនបង្ហោះបាឡុងចារកម្មចូលដែនអាកាសរបស់ខ្លួន។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសចិន Qin Gang ក៏បានគាំទ្រចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន ដោយបញ្ជាក់ថា ចិនមានសិទ្ធគ្រប់គ្រាន់ក្នុងការថ្កោលទោសចំពោះទង្វើ ដែលអាមេរិកធ្វើមកលើខ្លួន។
“សហរដ្ឋអាមេរិកចង់ឲ្យចិនសំងំស្ងៀម បើទោះជាពួកគេវាយប្រហារ ឬប្រមាថបែបណា ប៉ុន្តែវាមិនអាចទៅរួចទេ។ បើសិនជាអាមេរិកនៅតែមិនបញ្ឈប់សកម្មភាពបែបនេះ បញ្ហាកាន់តែធំអាចនឹងផ្ទុះក៏ថាបាន”។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការបរទេសចិនបានលើកឡើង។
សូមជម្រាបដែរថា ចិនទទួលរងគំនាបសេដ្ឋកិច្ចជាច្រើនពីអាមេរិក ជាពិសេសលើវិស័យពាណិជ្ជកម្មតាំងពីជំនាន់លោក ដូណាល់ត្រាំ នៅកាន់អំណាច ដូចជាតំឡើងពន្ធនាំចូលទំនិញពីចិន ខណៈជំនាន់លោក ចូ បៃឌិន គឺទប់ស្កាត់ការនាំចូលបន្ទះឈីប និងឧបករណ៍ផលិតឈីប រារាំងការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាចិនជាដើម៕