ប្រធានគណៈកម្មាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តលោកស្រី Truong Thi Mai បានក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋាន ជំនួសលោក Vo Van Thuong បន្ទាប់ពីលោកបានក្លាយជាប្រធានាធិបតីរបស់វៀតណាម។
យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា ស្ត្រីវ័យ ៦៥ ឆ្នាំ ត្រូវបានតែងតាំងចំពោះមុខតំណែងថ្មីនេះ ដោយការសម្រេចចិត្តពីការិយាល័យនយោបាយ ក្រោយបញ្ចប់កិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទ។
ចំពោះមុខតំណែងថ្មីជាលេខាធិការដ្ឋានបក្សកុម្មុយនិស្តនេះទៀតសោត គឺជាលើកដំបូងដែលវៀតណាម មានស្ត្រីមកកាន់តំណែងកំពូលមួយនេះ តាំងពីឆ្នាំ ១៩៧៦។
មុននឹងចូលកាន់តំណែងពិសេសមួយនេះ លោកស្រីធ្លាប់ជាសមាជិកនៃការិយាល័យនយោបាយ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្ត និងជាសមាជិករដ្ឋសភាជាតិប៉ុន្មានអាណត្តិផងដែរ។
ពីឆ្នាំ ២០០២ ដល់ ២០១៦ លោកស្រី Mai ធ្លាប់ធ្វើការនៅរដ្ឋសភាជាតិ ក្នុងតំណែងជាអនុប្រធាន គណៈកម្មាធិការស្តីពីវប្បធម៌និងការអប់រំ បន្ទាប់មកឡើងជាប្រធានគណៈកម្មាធិការកិច្ចការសង្គម។
លោកស្រីត្រូវបានជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយក្នុងឆ្នាំ ២០១៦ មុនក្លាយជាផ្នែកមួយនៃលេខាធិការដ្ឋាន ដែលជាប្រធាននាយកដ្ឋានចល័តដ៏ធំមួយ និងត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីក្នុងការិយាល័យនយោបាយក្នុងឆ្នាំ ២០២១ ដោយក្លាយជាប្រធានគណៈកម្មាធិការនៃអង្គភាពរបស់គណៈកម្មាធិការបក្សកណ្តាល៕