ក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំ»របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
លោក ខូយ រីដា បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង១ ១៦២ក្រុមហ៊ុននោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្រប់គ្រងទិន្នន័យស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦ ៤១១មូលដ្ឋាន។
លើសពីនោះ លោកអភិបាលខេត្ត បានបន្តថា រោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញក្នុងស្រុក និងក្រៅស្រុក ក្នុងខេត្តពោធិ៍សាត់ មានចំនួន១០កន្លែង ឡសម្ងួតប្រមាណ៦៣ឡ ដោយមានឈ្មូញប្រមូលទិញស្រូវមកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាម។
ជាមួយគ្នានោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា ដើម្បីបន្តជំរុញការងារអភិវឌ្ឍពាណិជ្ជកម្ម និងស្វែងរកទីផ្សារ ខេត្តពោធិ៍សាត់បានកៀរគរ កសិករ ពាណិជ្ជករ សហគមន៍បានចំនួន១៤ផលិតករ មានផលិតផលប្រមាណ១០មុខរួមមាន ក្រូចពោធិ៍សាត់ ចម្លាក់ថ្មកែវ ស្ករត្នោត អំបុកអូរតាប៉ោង បង្គីវល្លិ៍រំពាក់ សិប្បកម្មធ្វើពីដើមត្នោត ត្រីកែច្នៃ ត្រីងៀត បន្លែសុវត្ថិភាព និងពូជស្រូវសែនក្រអូបជាដើម។ទន្ទឹមនឹងនោះ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងបន្ថែមថា ការនាំចេញទៅក្រៅខេត្ត និងក្រៅប្រទេសសំខាន់របស់ខេត្តពោធិ៍សាត់ទៀតនោះគឹ បន្លែសុវត្ថិភាព និងស្រូវសែនក្រអូប។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់ ក៏មានផលិតផលដែលមានសក្តានុពលផ្សេងៗទៀត ដូចជា ដំឡូងមី ពោតក្រហម ម្រេច ស្វាយកែវរមៀត មៀនប៉ៃលិន សិប្បកម្មចម្លាក់ថ្មកែវ សិប្បកម្មកែច្នៃពីដើមត្នោត និងសហគមន៍ស្ករត្នោត ជាដើម៕