ក្នុងឱកាសខួបអាពាហ៍ពិពាហ៍២០ឆ្នាំ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD បានទទួលកាដូពិសេសពីឧត្តមស្វាមី លោកឧកញ៉ា អ៊ឹង លីហេង នូវរថយន្តកាំម៉ារីពណ៌ក្រហម ស៊េរីទសវត្សរ៍ឆ្នាំ៩០ មួយគ្រឿង ជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅ។
លោកជំទាវឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “កាដូខួប២០ឆ្នាំ ដែលលោកប្តីទិញឱ្យខ្ញុំ គឺជាឡានដែលគាត់ជិះកាលគាត់ចូលដណ្តឹងខ្ញុំ គាត់ទៅតាមរកទិញវាទាល់បានមកវិញ សុំសរសើរម៉ង។ មិននឹកស្មានសោះថា បានរួមដំណើរជីវិតជាមួយតាប៉ិកកាំម៉ារីក្រហម តែមួយភ្លែតសោះ ២០ឆ្នាំបាត់ លឿននោះលឿន”។
លោកជំទាវ បានបន្ថែមថា ដំណើរជីវិតគូដែលពោរពេញទៅដោយការកែខ្លួនឯង ដើម្បីការពារមនុស្សដែលយើងស្រឡាញ់ វាពិតជាមិនងាយស្រួលឡើយ តែនៅពេលដែលលោកជំទាវដាក់ចិត្តទៅកែ វាដូចជាមិនពិបាកសោះ ដូច្នេះលោកជំទាវធ្វើបាន សង្ឃឹមថាអ្នកទាំងអស់គ្នាក៏អាចធ្វើបាន។
សូមជម្រាបថា ជំទាវឧកញ៉ា តំាង ហ្គិចលៀង ក្រៅពីការប្រកបមុខជំនួញជាច្រើន លោកជំទាវ ក៏តែងតែអញ្ជើញធ្វើជាវាគ្មិនក្នុងការចែករំលែកចំណេះដឹងល្អៗ ដល់យុវជនជំនាន់ក្រោយ និងធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយចំនួន។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ក៏ទើបជាប់ឆ្នោតជា «ប្រធានក្លិបស្ត្រីកម្ពុជា» ផងដែរ។
ក្នុងនាមជាប្រធានក្លិបស្ត្រីកម្ពុជា លោកជំទាវឧកញ៉ា បានលើកឡើងថា ក្លិបស្រ្តីកម្ពុជា “ស្រ្តីដេម្បីស្រ្តី“ យើងរួមគ្នាដើម្បីស្រ្តីកម្ពុជារីកចម្រើន។ យើងរួមគ្នា លើកកម្ពស់ស្រ្តី ឱ្យកាន់តែមានគុណតម្លៃក្នុងជីវិត។ រួមគ្នាតម្រង់ទិស ស្រ្តី ដើម្បីឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើង។ រួមគ្នា បង្កើតឱកាសឱ្យស្រ្តីចូលប្រឡូកសង្គមឱ្យមានប្រយោជន៍។ ស្ត្រី គាប់បីមានជីវិតរីករាយ ព្រោះលោកជំទាវជឿរជាក់ថា ស្រ្តីម្នាក់ណាក៏មានចំណុចទាក់ទាញ និងចំណុចខ្លាំងរបស់គាត់ដែរ ប្រសិនបើគាត់ចេះប្រើប្រាស់វាក្នុងផ្លូវវិជ្ជមាន ហើយលោកជំទាវ មានជឿជាក់ថា ជួយស្រ្តីម្នាក់បាន គឺជួយបានមួយគ្រួសារ ព្រោះស្រ្តីគឺជា “ប្រភព“៕