តាមរយៈការធ្វើជំរឿនចុងក្រោយនៅឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរត្រូវបានគេកំណត់ថាមានចំនួនសរុបជាង ១៥,៥ លាននាក់ ក្នុងនោះស្រ្តីមានជិត ៨លាននាក់។ ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។
ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣នេះ គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញស្ត្រីវស្សាជើងខ្លាំងក្នុងវិស័យជំនួញ ដែលកំពុងដឹកនាំអាណាចក្រជំនួញប្រាក់ពាន់លាននៅក្នុងដៃ ចំនួន៤រូប រួមមាន៖
១/ ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
អ្នកឧកញ៉ា ភាព ហៀក កំពុងជោគជ័យយ៉ាងសម្បើមគ្រប់គ្រងបុត្រសម្ព័ន្ធក្នុងដៃប្រមាណ ១៣ក្រុមហ៊ុនលើពហុវិស័យ។ ជីបម៉ុង គ្រុប ជោគជ័យមកទល់បច្ចុប្បន្ននេះគេមិនអាចមើលរំលងបានឡើយនូវពាណិជ្ជករវ័យក្មេងដ៏មានសក្តានុពលចំនួន ២រូប គឺអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង លោកទាំពីរជាកូនបង្កើតអ្នកឧកញ៉ា ភាព ហៀក មានស្រុកកំណើតខេត្តកំពង់ចាម ស្រុកសន្ធរ។
២/ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វឌ្ឍនៈ គ្រុប
អ្នកឧកញ៉ា ឈុន លាង ដែលចាប់ផ្ដើមជំនួញដំបូងពីរបរលក់អំបោះហុង និងគ្រឿងអលង្ការ ជាមួយប្តីគឺអ្នកឧកញ៉ា សំ អាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ជាក្រុមហ៊ុនក្នុងស្រុកកំពុងវិនិយោគជាច្រើនវិស័យ។ ក្រុមហ៊ុន វឌ្ឍនៈ ក៏មានកូនប្រុសស្រីចំនួន៣រូប កំពុងដឹកនាំផ្នែកយុទ្ធសាស្រ្តសំខាន់ៗផងដែរ។
៣/ អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ
អ្នកស្រីឧកញ៉ា ស៊ាង លីម ដែលមានស្វាមីជាដឹកនាំកាច់ចង្កូតដ៏ឆ្នើមល្បីល្បាញជើងចាស់ក្នុងពិភពជំនួញប្រទេសកម្ពុជា និងមានសេនាជាទ័ពស្រួចកំពុងគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប។ អ្នកស្រីចាប់ផ្តើមអាជីវកម្មដំបូងជាអ្នកលក់សំលៀកបំពាក់ និងក្រណាត់នាំចូលពីវៀតណាម ហើយក្រោយមកចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦ រហូតជោគជ័យពេលបច្ខុប្បន្ន។
៤/ អ្នកស្រីឧកញ៉ា លឹម ឈីវហូរ
អគ្គនាយិការក្រុមហ៊ុន អាតវ៉ីត នីហរ័ណ អាហរ័ណ ដែលជាក្រុមហ៊ុនសាជីវកម្មនាំចូលស្រាល្បីៗថ្លៃៗកបពពកមកស្រុកខ្មែរ។ អ្នកស្រីកំពុងគ្រប់គ្រងបុត្រសម្ព័ន្ធក្នុងពហុវិស័យ។ ជាមួយគ្នានេះ ក្រុមហ៊ុនរបស់អ្នកស្រីក៏មានកូនប្រុសម្នាក់ផងដែរមកជួយដឹកនាំបេសកកម្មរបស់ក្រុមហ៊ុន អាតវ៉ូត នីហរ័ណ អាហរ័ណ ពិសេសតំបន់សេដ្ឋកិច្ចពិសេសនានា៕
អត្ថបទ៖ ឧកញ៉ាកោះក្របី