ចិន នៅតែឈរលេខ ១ ក្នុងនាមជាប្រទេសដែលឡាវ នាំចេញទំនិញទៅច្រើនបំផុត ក្នុងខែមករា

អន្តរជាតិ

ប្រទេសចិន នៅតែជាប់ក្នុងចំណាត់ថ្នាក់កំពូល ដែលឡាវ បានធ្វើការនាំចេញទំនិញទៅច្រើនបំផុត នៅក្នុងខែមករា ឆ្នាំ ២០២៣ នេះ ជាមួយនឹងតម្លៃសរុបប្រមាណ ១៥៦ លានដុល្លារ ខណ:តាមពីក្រោយដោយប្រទេសថៃ មានតម្លៃ ១២៨ លានដុល្លារ និងវៀតណាម មានតម្លៃសរុបប្រហែល ៦៥ លានដុល្លារ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះផងដែរ សម្រាប់ការនាំចូលទំនិញមកកាន់ប្រទេសឡាវវិញ ថៃ បានឈរនៅចំណាត់ថ្នាក់កំពូល ជាមួយនឹងតម្លៃសរុប ២៥៥លានដុល្លារ ខណ:តាមពីក្រោយដោយប្រទេសមានមានតម្លៃប្រហែល ១២១ លានដុល្លារ និងលេខ ៣ ជាប្រទេសវៀតណាម ដែលមានតម្លៃសរុប ២១ លានដុល្លារ ។

គួរឱ្យដឹងផងដែរថា តម្លៃពាណិជ្ជកម្មសរុបរបស់ឡាវ នៅក្នុងខែមករានោះ មានចំនួន ៩៣៥លានដុល្លារ ដោយក្នុងនោះមាន ៤៦១លានដុល្លារ ទទួលបានពីការនាំចេញទំនិញ ខណ:ដែលបានធ្វើឱ្យប្រទេសនេះ កត់ត្រាពីចំនួនឱនភាពពាណិជ្ជកម្មរបស់ខ្លួន ចំនួន ១៣លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ការនាំចេញទំនិញសំខាន់ៗរបស់ឡាវ រួមមាន ដំឡូងមី កម្ទេចមាស ដែកគោល រ៉ែទង់ដែង អំបិល ក្រដាស ផលិតផលធ្វើពីក្រដាស ចេក សម្លៀកបំពាក់ ម្សៅ ស្ករស និងរ៉ែដែក ។

ហើយចំណែកឯទំនិញនាំចូលសំខាន់ៗវិញមានដូចជា ប្រេងម៉ាស៊ូត គ្រឿងមេកានិច យានជំនិះ ប្រេងសាំង គ្រឿងបន្លាស់រថយន្ត ដែក ផលិតផលដែក ផលិតផលផ្លាស្ទិច ខ្សែភ្លើង ខ្សែកាប គ្រឿងអគ្គិសនី ឈើ និងកាកសំណល់ក្រដាស ជាដើម ៕