ដីធ្លីនៅប្លុកផ្សារទំនើបអុីអនទី៣ ជាគោលដៅសម្រាប់​គម្រោងវិនិយោគ សាងសង់ខុនដូខ្ពស់ៗនៅថ្ងៃខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងស្រុកម្នាក់បានបង្ហាញការប្រមើមើលអំពីតម្លៃដីនិងគម្រោងសាងសង់នៅតំបន់ឬប្លុកផ្សារទំនើបអ៊ីអនទី៣ ថានិងក្លាយជាគោលដៅនៃការសាងសង់ខុនដូខ្ពស់ៗនៅថ្ងៃខាងមុខ ដោយផ្អែកលើតម្លៃដីធ្លីមួយផ្នែកនៃខណ្ឌមានជ័យនេះនិងឡើងថ្លៃបន្ថែមទៀត ខណៈតម្លៃដីបច្ចុប្បន្នមួយម៉ែត្រការ៉េថ្លៃ១២០០ ទៅ១៩០០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


អគ្គនាយកក្រុមហ៊ុន Century 21 Mekong សង្កេតឃើញថានៅតំបន់ផ្សារទំនើបអ៊ីអនទី៣ មានការប្រមូលផ្តុំយូររួចមកហើយតែគ្រាន់ថាពេលអ៊ីអនទី៣ចាប់ផ្តើមដំណើរការភ្លាម ធ្វើឱ្យមានលំហូរមនុស្សអ្នកដែលនៅទីប្រជុំជនក្នុងតំបន់នានាចាប់ផ្តើមមានសកម្មភាពចូលមកទស្សនាឬដាក់តំាងលក់ផលិតផលឬទិញទំនិញនៅផ្សារអ៊ីអនទី៣។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong មានប្រសាសន៍ថាសម្រាប់តម្លៃដីធ្លីនៅតំបន់នោះខ្ញុំមើលមិនទាន់ឃើញមានការប្រែប្រួលខ្លំាងពេកនោះទេ។ ប៉ុន្តែអនាគតវានឹងមានការប្រែប្រួលច្រើន ព្រោះដីនៅតំបន់អ៊ីអនទី៣នេះ វាបានឡើងថ្លៃម្តងជាពីរដងរួចមកហើយ។ អីចឹងនៅក្នុងកំឡុងពេលនេះវាមិនទាន់វាមានការប្រែប្រួលខ្លំាងនោះទេ។


លោកបញ្ជាក់ថា «ដីនៅតំបន់អ៊ីអនទី៣ដំបូងឡើងថ្លៃចន្លោះពី៤៥០ រហូតដល់ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយនៅមួយរយៈចុងក្រោយនេះបានឡើងថ្លៃពី ៨០០ទៅ១២០០ ឬដល់១៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនៅតាមតំបន់ជាក់ស្តែង។ ប៉ុន្តែនៅរយៈពេល២ឬ៣ឆ្នំាទៀតនៅពេលស្ថានភាពមានភាពកាន់តែប្រសើរធ្វើឱ្យចរន្តនៃការដោះដូរមានច្រើននឹងធ្វើឱ្យតម្លៃដីនៅទីនោះវានិងឡើងថ្លៃបន្តទៀត»។
ស្របពេលតម្លៃដីធ្លីនៅតំបន់អ៊ីអនទី៣បានឡើងថ្លៃពីរដំណាក់រួចមកហើយថាតើនៅថ្ងៃខាងមុខដីនៅទីនោះវាសមស្របទៅនិងការវិនិយោគសម្រាប់គម្រោងបែបណា?
លោក ច្រឹក សុខនីម មានប្រសាសន៍ថា «នៅទីនោះអាចមានការសាងសង់ផ្ទះល្វែងសម្រាប់អាជីវកម្មហើយបន្តិចទៀត ខ្ញុំគិតថាការសាងសង់ផ្ទះរាងហាក់នឹងមានការថមថយព្រោះដីនៅទីនោះមានតម្លៃថ្លៃអីចឹងភាគច្រើននិងមានការសាងសង់ជាខុនដូនៅថ្ងៃអនាគត។ តែឥឡូវនេះដីនៅមានតម្លៃធូរថ្លៃគេអាចយកមកសិក្សាឬគណនាបាន តែផុតពេលពេលនេះទៅលែងទៅរួចព្រោះតម្លៃដីវាថ្លៃជ្រុលពេក។ ដូចនេះតំបន់នៅជិតអ៊ីអនទី៣ជាគោលដៅនិងមានការសាងសង់ជាខុនដូខ្ពស់ៗ»៕ អត្ថបទ៖សារេត