កម្ពុជា ពិភាក្សាពីយន្តការសម្រួលដល់ការនាំចេញស្ករស ជាមួយវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម ពិភាក្សាអំពីនីតិវិធី និងយន្តការនានា ក្នុងការជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលក្នុងទីផ្សារវៀតណាម។ ការពិភាក្សាលើការចេញស្ករសពីកម្ពុជាចូលក្នុងទីផ្សារវៀតណាមនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ និងគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា និងលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី០៦ មីនា កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានលើកឡើងពីនីតិវិធី និងយន្តការ ក្នុងការនាំចេញស្ករសពីកម្ពុជា ចូលក្នុងទីផ្សារវៀតណាមថា ជាការចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។

ជាមួយគ្នានោះ លោក សុខ សុភ័ក្រ្ត ក៏បានស្នើសុំទៅកាន់វៀតណាម ដើម្បីពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះ។

ជាការឆ្លើយតប ភាគីវៀតណាម បានឱ្យដឹងថា វៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។ក្នុងនោះ លោក ក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។លើសពីនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕