UN និងអ៊ុយក្រែន ទាមទារឲ្យបន្តកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមកំពង់ផែសមុទ្រខ្មៅ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gurerres បានទាមទារឲ្យមានការបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលអនុញ្ញាតិឲ្យ​អ៊ុយក្រែន​នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Thestraitstimes បានឲ្យដឹងថា ថ្នាក់ដឹកនាំអ៊ុយក្រែន បានជួបជជែកជាមួយ​លោក Guterres នៅទីក្រុងគៀវ និងសង្កត់ធ្ងន់ថា ច្រកនាំចេញធញ្ញជាតិ​តាម​សមុទ្រខ្មៅ គឺពិតជាមានសារៈសំខាន់ដល់ពិភពលោក ខណៈមន្ត្រីជាន់ខ្ពស់ UN ក៏បញ្ចេញមតិ​ដូចគ្នា ដោយអះអាងថា វាពិតជាសំខាន់ចំពោះសុវត្ថិភាព និងតម្លៃចំណីអាហារពិភពលោក។

គួររំលឹកដែរថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរវាងអ៊ុយក្រែន និងរុស្ស៊ីតាមច្រកសមុទ្រខ្មៅ មានរយៈពេល ១២០ ចុះកាលពីខែកក្កដា និងបន្តជាថ្មីកាលពីខែវិច្ឆិកា នឹងត្រូវបន្តម្ដងទៀត​នាថ្ងៃទី ១៨ មីនា បើសិនជាភាគីទាំងសងខាងគ្មានការជំទាស់។

យ៉ាងណា ភាគីរុស្ស៊ីអាចនឹងមិនឯកភាព ដ្បិតតម្រូវការដែលពួកគេទាមទារនៅមិនទាន់​មានការ​យល់ព្រមនៅឡើយ ខណៈតួកគី​ដែលដើរតួជា​អ្នកនាំពាក្យកំពុង​ខិតខំជាខ្លាំង ដើម្បីអាចឲ្យកិច្ច​ព្រមព្រៀងមួយនេះ​នៅ​បន្តទៅមុខបាន។

សូមជម្រាបដែរថា រុស្ស៊ីទាមទារឲ្យមានការដកចេញ​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច ដែលរារាំងដល់ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់ខ្លួន មុនពេលចុះកិច្ចព្រមព្រៀងបើកច្រកសមុទ្រខ្មៅឲ្យ​អ៊ុយក្រែនបន្តទៀត៕