ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូនីវើសលហ្គ្រេត ឌីវេឡុបម៉ិន ឯ.ក បានបង្ហើបឱ្យដឹងពីគន្លឹះចំនួន ៣ចំណុច ដើម្បីប្រាកដថា យើងទិញដីឡូត៍អាចទទួលបាននូវផលចំណេញ។
លោកឧកញ៉ា បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅនេះថា អតិថិជនដែលទិញដីឡូត៍កន្លងមក គឺទទួលបានផលចំណេញ ប៉ុន្តែសួរថាតើចំណេញលើអ្វី? ចំណេញដោយសារតែតម្លៃកើនឡើងក្នុងតំបន់នោះ ឬមានអ្វីមកវាស់វែងបន្ថែម ព្រោះឧទាហរណ៍ កាល៣ឆ្នាំឬ៥ឆ្នាំ អតិថិជនអាចទិញដីឡូត៍តម្លៃក្រោម ១ម៉ឺនដុល្លារ ៣ពាន់ដុល្លារ ឬ៥ពាន់ដុល្លារ ហើយមកទល់បច្ចុប្បន្នដីឡូត៍របស់ពួកគាត់ ពិតជាមានតម្លៃខ្ពស់ជាងមុន ២ឬ៣ដងមែន។ ប៉ុន្តែសួរថា យកតែករណីនេះមកវាស់វែងបានដែរឬទេ? ដូច្នេះដើម្បីប្រាកដថា ទិញដីឡូត៍ទទួលបានផលចំណេញ លោកឧកញ៉ា សូមលើកឡើងនូវ ៣ចំណុចដូចខាងក្រោម៖
ទី១ ទិញដីឡូត៍ក្នុងតំបន់មួយដែលមានតម្លៃល្អប្រសើរ តម្លៃពិសេស ហើយតម្លៃនេះជឿថានឹងមានការកើនឡើងនៅពេល៣ឆ្នាំ ឬ៥ឆ្នាំខាងមុខ។
ទី២ ពេលទិញដីហើយ មួយឆ្នាំឬពីរឆ្នាំក្រោយ ត្រូវច្បាស់ថាដីនោះស្ថិតក្នុងតំបន់អភិវឌ្ឍន៍ អាចយកទៅប្រើប្រាស់អាស្រ័យផលបាន ដូចជាសម្រាប់សាងសង់ផ្ទះរស់នៅ សម្រាកលំហែ ឬធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងបាន។
ទី៣ អាចយកតម្លៃដី ហាងឆេងដែលឡើងនោះ ទៅប្រើប្រាស់សម្រាប់ដាក់បញ្ចាំទៅគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ដើម្បីបានហិរញ្ញប្បទានពីធនាគារមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបន្ថែមទៀត នោះទើបទទួលស្គាល់ថា ដីឡូត៍នោះពិតជាទទួលបានការចំណេញ។
លោកឧកញ៉ា បានបន្ថែមថា ជាក់ស្តែងលោកធ្លាប់ជួបអតិថិជនភាគច្រើនកន្លងមក ពិតជាអាចប្រើប្រាស់ចំណុចទាំង៣នេះបាន ប៉ុន្តែក៏មានអតិថិជនមួយចំនួនទិញដីឡូត៍ហើយ មិនអាចទទួលបានចំណុចទាំងអស់នេះដែរ ដោយសារមូលហេតុទិញដីនៅតំបន់ឆ្ងាយពេក មិនមានការអភិវឌ្ឍន៍ ឬគ្មានទឹកគ្មានភ្លើងទៅដល់ ជាដើម។
សូមជម្រាបថា ឧកញ៉ា ម៉ន សុខា ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា តាំងពីអាណត្តិទី១ ចាប់ពីឆ្នាំ២០២០មក ហើយលោកទើបបានជាប់ឆ្នោតជាប្រធានដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅអាណត្តិទី២ រយៈពេល ៣ឆ្នាំបន្ត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ស្ថាបនិកសាលាបណ្តុះបណ្តាលយូជីឌី (UGD Academy) ដែលទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ រូបនេះ បច្ចុប្បន្ន ក៏ជាម្ចាស់គម្រោងអភិវឌ្ឍដីឡូត៍ដែលមានឈ្មោះ លំហែក្រាំងទំនប់ ហ្គ្រីនហ្សូន រេស៊ីដិន (Green Zone Residence) ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹងប្រហែល៦គីឡូម៉ែត្រ ផងដែរ៕