កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ គ្រប់ប្រទេសទូទាំងសកលលោកបានរៀបចំពិធីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ហើយក្នុងនោះអង្គការសហប្រជាជាតិ ហៅកាត់ UN បានរៀបចំប្រធានបទថ្មីស្រឡាងមួយ ដើម្បីប្រារព្ធពិធីមួយនេះ។
យោងតាមការចុះផ្សាយពី VOA បានបង្ហាញថា ប្រធានបទដែល UN រៀបចំជាពិសេសសម្រាប់ទិវាសិទ្ធនារីឆ្នាំនេះគឺមានឈ្មោះថា DigitALL: Innovation and technology for gender equality (ការច្នៃប្រឌិត និងបច្ចេកវិទ្យាសម្រាប់សមភាពយេនឌ័រ)។
UN ក៏បានបញ្ជាក់ថា ក្នុងសម័យកាលឌីជីថលបែបនេះ ស្ត្រីក៏បានចូលរួមចំណែកធំលើវិស័យបច្ចេកវិទ្យាផងដែរ ប៉ុន្តែការចូលរួមនោះមិនសូវទទួលបានការគាំទ្រទូលំទូលាយឡើយ។
អង្គការអន្តរជាតិខ្នាតយក្សនេះក៏បន្ថែមថា ស្ត្រី ៣៧% ទូទាំងសកលលោកមិនចេះប្រើប្រាស់អ៊ីនធឺណិត ខណៈមានស្ត្រីតិចជាងបុរសប្រមាណ ២៥៩ លាននាក់ ដែលបានប្រើប្រាស់អ៊ីនធឺណិត ស្របពេលចំនួនស្ត្រីមានស្ទើតែពាក់កណ្ដាលនៃប្រជាជនសរុបទូទាំងសកលលោក។
“ការណែនាំឲ្យស្ត្រីស្គាល់កាន់តែច្បាស់លើវិស័យបច្ចេកវិទ្យា នឹងបង្កើតផលប្រយោជន័ជាច្រើន ហើយវាអាចនឹងមានការច្នៃប្រឌិតកាន់តែខ្ពស់ ដើម្បីអាចបំពេញតម្រូវការរបស់ពួកគាត់ ក៏ដូចជាផ្សព្វផ្សាយកាន់តែទូលាយចំពោះសមភាពយេនឌ័រ”។ នេះបើតាមការសរសេរលើគេហទំព័រផ្លូវការរបស់ UN។
ក្រឡេកទៅមើលពីប្រវត្តិនៃការចាប់កំណើតនៃទិវាសិទ្ធនារីអន្តរជាតិបន្តិច គឺកើតឡើងតំបូងក្នុងថ្ងៃទី ០៨ មីនា ១៨៥៧ ដែលគ្រានោះក្រុមបុគ្គលិកនារីនាំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងលក្ខខណ្ឌការងារដែលមានភាពលំអៀង និងសិទ្ធមិនស្មើគ្នានៅរោងចក្រសំលៀកបំពាក់ និងទាមទារឲ្យមានការតំឡើងប្រាក់ខែ និងម៉ោងការងារតិចជាងមុន។
ក្រោយមកទៀត នៅថ្ងៃទី ០៨ មីនា ១៩០៨ ក្រុមបុគ្គលិកនារីបាននាំគ្នាធ្វើបាតុកម្មម្ដងទៀតនៅទីក្រុង New York ប្រឆាំងពលកម្មកុមារ សិទ្ធការងារ និងទាមទារសិទ្ធស្ត្រីក្នុងការបោះឆ្នោត។
ទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានប្រារព្វជាលើកដំបូងនៅថ្ងៃទី ១៩ មីនា ១៩១១ នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស ដែលគ្រានោះមានប្រជាជនរាប់លាននាក់ ចេញគាំទ្រលើសិទ្ធស្ត្រី។
ក្រោយពីចប់សង្គ្រាមលោកលើកទី ២ ប្រទេសជាច្រើនចាប់ផ្ដើមប្រារព្វទិវាសិទ្ធនារីអន្តរជាតិនៅថ្ងៃទី ០៨ មីនា ហើយ ២ឆ្នាំក្រោយមក អង្គការសហប្រជាជាតិប្រកាសជាផ្លូវការ កំណត់យកថ្ងៃ ០៨ មីនាជាទិវាសិទ្ធនារីអន្តរជាតិ ក្នុងឆ្នាំ ១៩៧៧ ខណៈចិន រុស្ស៊ី និងប្រទេសមួយចំនួនក៏ចាត់ទុកថ្ងៃ ០៨ មីនានេះ ជាថ្ងៃឈប់សម្រាកផងដែរ៕