លោកស្រី ចម និម្មល កូនស្រីរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។
ពិធីសម្ពោធការិយាល័យកណ្តាល និងអបអរខួប១៥ឆ្នាំនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ចម និម្មល និងមានការចូលរួមផ្ទាល់ពីអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom និងថ្នាក់ដឹកនាំជាន់ខ្ពស់។ ពិធីអបអរខួប១៥ឆ្នាំ ធ្វើឡើងក្រោមពាក្យស្លោក “ប្រសើរឡើងព្រមគ្នា” បានរចនាឡើងដោយប្រើពណ៌ចម្រុះគ្នា ដែលតំណាងឱ្យភាគីពាក់ព័ន្ធនានា មានដូចជា អតិថិជន និយតករ ដៃគូ ពាណិជ្ជករ ភាគហ៊ុន និងក្រុមបុគ្គលិក ជាដើម ដែលបានសហការគ្នាជាធ្លុងមួយ ប្រកបដោយភាពសុខដុម និងរួមគ្នាបង្កើតភាពជោគជ័យ និងវឌ្ឍនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់គុណតម្លៃខ្ពស់ចំពោះមនុស្សជាតិ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ក៏បានសម្ពោធនូវនិមិត្តសញ្ញាថ្មី ដោយមោទកភាព ដែលជាការបញ្ជាក់ពីការកំណត់ចក្ខុវិស័យ និងបេសកកម្ម ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេ។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនដែលមានផ្នត់គំនិតអភិវឌ្ឍ ហើយក្រុមហ៊ុនតែងតែបោះជំហានមុនគេ។ ប្រទេសកម្ពុជា ត្រូវការជាចាំបាច់នូវការអភិវឌ្ឍន៍ឈានឡើងគ្រប់វិស័យ។ ការអភិវឌ្ឍន៍ទាំងឡាយនេះ ចាំបាច់ត្រូវមានការសហការពីគ្រប់វិស័យ និងទ្រទ្រង់គ្នាជាប្រព័ន្ធដ៏រឹងមាំមួយ។ វិស័យឧស្សាហកម្មទាំងអស់ ត្រូវការបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធុរកិច្ចរបស់ខ្លួន។ ដូច្នេះ ការមានសមត្ថភាពធនធានត្រឹមត្រូវ គឺជារូបមន្តឈ្នះៗក្នុងកិច្ចការអាជីវកម្ម។
គួរបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង តែងយកចិត្តទុកដាក់ខ្ពស់ លើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ដោយចាត់ទុកវិស័យនេះ ជាវិស័យគន្លឹះក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវឱ្យកម្ពុជាអភិវឌ្ឍខ្លួន ទៅជាប្រទេសរីកចម្រើនមួយ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន អ៊ីហ្ស៊ីខម របស់អ្នកឧកញ៉ា ជាក្រុមហ៊ុន ICT ឈានមុខគេមួយនៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ជាច្រើន ក្នុងផ្នែកផលិតផល សេវាកម្ម និងគុណភាព ជាពិសេសគឺក្រុមហ៊ុនទើបឈ្នះពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍន៍ជំនាញឌីជីថលក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍៕