ក្រោយរងសម្ពាធពីអាមេរិក ចិនអំពាវនាវឱ្យបង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធបន្ថែម

អន្តរជាតិ

ថ្មីៗនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក ស៊ី ជិនពីង បានធ្វើការអំពាវនាវឱ្យមានការបង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធឱ្យបានលឿនជាងមុន ដើម្បីឆ្ពោះទៅកាន់ស្តង់ដារលំដាប់ពិភពលោក បន្ទាប់ពីប្រធានាធិបតីរូបនេះ បានព្រមានថា ប្រទេសរបស់លោក ត្រូវបានទទួលការគំរាមគំហែង ដោយយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញការទប់ស្កាត់ ការឡោមព័ទ្ធ និងការបង្ក្រាបមកលើចិន ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការអំពាវនាវនេះ លោក ស៊ី បាននិយាយអំឡុងពេលថ្លែងសុន្ទរកថាមួយ កាលពីថ្ងៃពុធថា ប្រទេសចិន ត្រូវតែបង្កើន សមត្ថភាពយុទ្ធសាស្រ្តជាតិ របស់ខ្លួន ជាអតិបរមា ក្នុងគោលបំណង ដើម្បីធ្វើឱ្យមានភាពប្រសើឡើងជាប្រព័ន្ធ នៃភាពរឹងមាំរបស់ប្រទេសទាំងមូល ដើម្បីទប់ទល់ទៅនឹងហានិភ័យជាយុទ្ធសាស្រ្ត ការពារផលប្រយោជន៍ និងសម្រេចបាននូវគោលបំណងជាយុទ្ធសាស្រ្ត ។

ក្រៅពីនេះ លោក ស៊ី ក៏បានធ្វើការអំពាវនាវជាបន្តបន្ទាប់ ជុំវិញការកសាងភាពខ្លួនជាទីពឹងខ្លួន នៅក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមទៅលើយុទ្ធសាស្រ្ត ក្នុងវិស័យសង្គ្រោះបន្ទាន់ និងធ្វើឱ្យមានភាពធន់ ទៅលើសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងទុនបម្រុងជាតិ ដើម្បីធ្វើឱ្យចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខជាតិកាន់តែប្រសើឡើងមួយកម្រិតទៀត ។

យ៉ាងណាមិញ ចំពោះការអត្ថាធិប្បាយថ្មីចុងក្រោយរបស់លោក ស៊ី នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការថ្លែងសុន្ទរកថា កាលពីថ្ងៃចន្ទ ទៅកាន់គណ:ប្រតិភូ ដែលបានចូលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំ នៃសភាប្រជាជនជាតិ ដោយលោកបានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក មកលើប្រទេសចិន ជុំវិញការគាបសង្កត់ទៅលើវិស័យបច្ចេកវិទ្យា ក៏ដូចជាការឈឺឆ្អាលទៅលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ និងការប្រតិកម្មទៅលើប្លុកយោធា ក្នុងតំបន់ ក្នុងលក្ខខណ្ឌមិនប្រក្រតី ។

លើសពីនេះ លោក ស៊ី បាននិយាយថា ៖ ” បណ្តាប្រទេសលោកខាងលិច ដែលកំពុងដឹកនាំដោយសហរដ្ឋអាមេរិក បានអនុវត្តគ្រប់ជ្រុងជ្រោយ ក្នុងការឡោមព័ទ្ធ និងបង្ក្រាបមកលើចិន ដែលវាបាននាំមកនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក ចំពោះការអភិវឌ្ឍរបស់ប្រទេសយើង ” ។

គួរឱ្យដឹងផងដែរថា ចិនបានធ្វើការចំណាយថវិកាជាតិរបស់ខ្លួនទ្វេដង ក្នុងរយ:ពេលមួយទសវត្សរ៍កន្លងមកនេះ ក្នុងវិស័យការពារជាតិរបស់ខ្លួន ដែលវាបានធ្វើឱ្យចិន ក្លាយជាប្រទេសដែលមានយោធាឈរជើងធំបំផុតរបស់ពិភពលោក ជាមួយនឹងសមាជិក ២ លាននាក់ រួមទាំងកងទ័ពជើងទឹក កងកម្លាំងមីស៊ីល និងកងទ័ពអាកាសដ៏ធំបំផុត នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕