ថ្មីៗនេះ យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ លោក Zafrul Tengku Abdul Aziz បានបង្ហាញថា ប្រទេសម៉ាឡេស៊ី បានអនុម័តទៅលើការវិនិយោគសរុបប្រហែល ២៦៥ពាន់លានរីងហ្គីត (៥៨,៥៣ពាន់លានដុល្លារ) កាលពីឆ្នាំ ២០២២ កន្លងទៅ ដែលជាទំហំវិនិយោគធំបំផុតទី ២ បន្ទាប់ពីឆ្នាំ ២០២១ ហើយវាត្រូវបាន់ប្រមាណថា បានបង្កើតការងារថ្មីៗច្រើនជាង ១៤០ ០០០ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។
មិនតែប៉ុណ្ណោះ ដោយថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ៨ មីនា កន្លងទៅ លោក Zafrul Aziz បាននិយាយថា វិស័យសេវាកម្ម គឺបានរួមចំណែកធំជាងគេ ជាមួយនឹងទំហំវិនិយោគ ១៥៤ពាន់លានរីងហ្គីត បន្ទាប់មកគឺវិស័យផលិតកម្ម មានចំនួន ៨៤,៣ពាន់លានរីងហ្គីត និងវិស័យបឋម មានចំនួន ២៦,៣ពាន់លានរីងហ្គីត ។
លើសពីនេះ ការវិយោគផ្ទាល់ពីបរទេស (FDI) ក៏បានរួមចំណែកដ៏សំខាន់ ដល់ការវិនិយោគសរុបក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដោយវាត្រូវបានអនុម័ត ក្នុងអត្រា ៦១,៧% ឬក្នុងចំនួនទឹកប្រាក់ ១៦៣,៣ពាន់លានរីងហ្គីត ខណ:ការវិនិយោគផ្ទាល់នៅក្នុងស្រុក (DDI) វិញ បានរួមចំណែក ៣៨,៣% ឬក្នុងចំនួនទឹកប្រាក់ ១០១,៣ពាន់លានរីងហ្គីត ។
ជម្រាបជូនផងដែរថា ក្នុងឆ្នាំ ២០២២ ប្រទេសចិន គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់ម៉ាឡេស៊ី ជាមួយនឹងចំនួនវិនិយោគសរុប ១២,៥ពាន់លានដុល្លារ ខណ:វិនិយោគិតបរទេសសំខាន់ៗផ្សេងទៀត មានដូចជាសហរដ្ឋអាមេរិក មានចំនួន ៦,២៦ពាន់លានដុល្លារ , ហូឡង់ មាន ៤,៥១ពាន់លានដុល្លារ , សិង្ហបុរី មាន ២,៩៩ពាន់លានដុល្លារ និងប្រទេសជប៉ុន មាន ២,៥២ពាន់លានដុល្លារ ៕