លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ គម្រោងសាង សង់ជាង១ពាន់ បាននិងកំពុងដំណើរការក្នុងរាជធានីភ្នំពេញ ក្រោមទំហំវិនិយោគប្រមាណជាង៦០០លាន ដុល្លារអាមេរិក ។ ការថ្លែងបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញដូចនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នទោះបីជាសេដ្ឋកិច្ចជាតិរាំងស្ទះដោយវិបត្តិសាកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹង កំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ នៅឆ្នាំ២០២២ សំណើរនៃកាស្នើរសុំសាងសង់ ប្រមាណ ១ ១៣៩គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួន ១,២១លានម៉ែត្រការ៉េ ឯទំហំវិនិយោគប៉ាន់ប្រមាណប្រហែលជា ៦០៥ លានដុល្លារអាមេរិក។
លើសពីនោះ លោក បានបន្ថែមថា ក្នុងនោះផ្សារទំនើបមានចំនួន៤ រួមមាន ផ្សារអ៊ីអនម៉ល៣, ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ម៉ាក្រូជ្រោយចង្វា ,និងផ្សារទំនើប ព្រីន ត្រូវបានបើកដំណើរការបន្ថែមទៀត។
ដោយឡែក ចំពោះអាជីវកម្ម លោកអភិបាល បានសង្កត់ថា មានការកើនឡើងផងដែរ ក្នុងនោះ មានរោងចក្រចំនួន ៧៦៦ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន ៥ ៤៧៦មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុបប្រមាណ ២ ០៦៨លានដុល្លារអាមេរិក បានផ្តល់ការងារដោយផ្ទាល់ដល់កម្មករ កម្មការនី ប្រមាណ ៥១ម៉ឺននាក់ និងដោយប្រយោលជាច្រើននាក់ថែមទៀតផងដែរ៕