លោក ឃឹម ហ្វីណង់ ជួបអភិបាលស្រុកបន្ទាយស្រីថ្មី ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលរងខេត្តសៀមរាបទើបតែងតាំងថ្មី លោក ឃឹម ហ្វីណង់ បានចំណាយពេលពេញមួយព្រឹកធំដើម្បីជជែកពីស្រុក​បន្ទាយស្រី ជាមួយអភិបាលស្រុកបន្ទាយស្រីថ្មី ក្នុងនាមជាអភិបាលស្រុកបន្ទាយស្រីចាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រទី៩ ខែមីនានេះ លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា នៅទីបំផុត កិច្ចសន្ទនាដែលលោកតែងតែទន្ទឹងរង់ចាំនេះក៏អាចកើតមានឡើងបាន បន្ទាប់ពីមមាញឹកជាមួយភារកិច្ចថ្មីរៀងៗខ្លួនអស់មួយរយៈកាលរួចមក។

លោកថា វាជាឱកាសដែលអនុញ្ញាតឱ្យលោកបានស្តាប់ បានលឺ ពីចក្ខុវិស័យ និងទស្សនៈក្នុងការដឹកនាំរដ្ឋបាលស្រុកបន្ទាយស្រីរបស់លោក រិន ឡូត ហើយក៏ជាឱកាសបានចែករំលែកក្តីសង្ឃឹម ក្តីស្រមៃ និងបទពិសោធខ្លះៗក្នុងពេលកន្លងមកផងដែរ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា​ «បានសន្យាគ្នាជាមួយបងអភិបាលថា នឹងជួបគ្នាឱ្យបានញឹកញាប់ ផ្លាស់ទីកន្លែងជួបទៅវិញទៅមក និងបន្តការសន្ទនាបែបនេះឱ្យបានជាប្រចាំ ដើម្បីជាប្រយោជន៍រួមនៃស្រុកជាទីស្រលាញ់របស់យើងទាំងពីរ»។

សូមជម្រាបជូនថា លោក រិន ឡូត អតីតអភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប កាលពីចុងឆ្នាំ២០២២កន្លងទៅ៕