គង់ ចាន់ស្រីមុំ​ជួយ​សង់​ផ្ទះ​ថ្មី​​​ជូនស្ត្រី​ក្រីក្រម្នាក់​នៅ​ខេត្ត តាកែវ

កម្សាន្ត

តារា​សម្ដែង​អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានបង្ហោះវីដេអូដ៏គួរ​មួយ បង្ហាញ​ពី​សកម្មភាព​របស់​​ពួក​គេ ដែល​ចុះ​ទៅ​​ពិនិត្យ​មើល​ផ្ទះ​មួយ​ខ្នង​ដែល​អ្នក​ទាំង​ពីរ​បាន ចេញ​ថ្លៃ​សាង​សង់​ជូន លោក​យាយ​​ក្រីក្រ​ម្នាក់ ក្នុង​ខេត្ត តាកែវ។ សកម្មភាព​សប្បុរស​របស់ ប្ដី​ប្រពន្ធ​សិល្បៈ​មួយ​គូរ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ ជា​ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​រៀបរាប់​របស់​តារា​ស្រី​ល្បី​ឈ្មោះ​ខាង​លើ លោក​យាយ​ដែល​នាង បាន​ជួយ​ចេញ​ថ្លៃ សាង​សង់​ផ្ទះ​ថ្មី​​ជូន​នោះ គឺ ឈ្មោះ ភូន វ័យ​ជាង ៦០ឆ្នាំ រស់នៅ ក្នុង ភូមិ ព្រៃម្លូ ឃុំ ក្រពុំឈូក ស្រុក កោះអណ្ដែត ខេត្ត តាកែវ។ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ មិន​មាន​កូន​ចៅ​ឡើយ រស់​នៅ​ ពឹង​ផ្អែក លើ​វត្ត ព្រៃម្លូ ក្បែរ​​នោះ ដោយ​លោក​យាយ​ជួយ ធ្វើ​ចង្ហាន់ ព្រះ​សង្ឃ ក៏​ដូច​ជា ជួយ​លាង​ចាន ជា​ដើម។

ផ្ទះ​លោក​យាយ​ទូរគត់ ម្នាក់​នេះ​ដំបូង​ឡើយ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង មិន​អាច​​រស់​នៅ​បាន ដោយ​ឃើញ​ពី សភាព​ខ្វះ​ខាត​បែប​នេះ ពេល​ដែល ​អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ទៅ​ធ្វើ​បុណ្យ​​នៅ ទី​​អារាម​នោះ ឃើញ​ក៏ មាន​​ចិត្ត​អាណិត ហើយ​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​ពី​ការ​លំបាក របស់​ស្ត្រី​ចំណាស់​ម្នាក់​នេះ លើ​បណ្ដាញ​សង្គម ដើម្បី​ស្វែង​រក​សប្បុរសជន​ជួយ ។

ដោយ​មិន​អាច​រង់​ចាំ​អំណោយ​ពី​សប្បុរសជន​ជួយ​នោះ ​អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាន​ចេញ​ថ្លៃ​ធ្វើ​ផ្ទះ​នោះ​ទាំង​ស្រុង ព្រម​ទាំង កូន​សិស្ស​លោក នឹង ព្រះ​សង្ឃ​គង់​នៅ វត្ត វត្ត ព្រៃម្លូ ជួយ​ធ្វើ ផ្ទះ​នោះ​ឡើង។

ជា​មួយ​នឹង ការ​ទទួល​បាន​លំនៅឋាន​ថ្មី លោក​យាយ​ភូន បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​លោក​យាយ​មិន​នឹង​ស្មាន​ថា ខ្លួន​អាច​មាន​លំនៅឋាន​ស្អាត​បែប​នេះ​ឡើយ។ លោក​យាយ បាន​ជួន​​អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ព្រម​ទាំង​សប្បុរសជន​ទាំង​អស់ មាន​សុខភាព​ល្អ រកស៊ី​មាន​បាន ជួប​ប្រទះ​ពុទ្ធពរ​ទាំង​​៤​ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពោលៈ​កុំបី ឃ្លាតឃ្លាង ឡើយ ។ សកម្មភាព​សប្បុរសធម៌​ខាង​លើ​នេះ មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​គង់ ចាន់ស្រីមុំ បាន​ធ្វើ ជា​រឿយ​គេ​តែង​ឃើញ នាង​​ជួយ​ដល់​ជន​ក្រីក្រ​ជា​ច្រើន​ផ្សេង​ទៀត ជួយ​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា កាកបាទក្រហម នឹង​ថ្មីៗ​នេះ នាង​ទើប​តែ​​បរិច្ចាគ ប្រាក់​​មួយ​ចំនួន ជា​មួយ​រដ្ឋាភិបាល​ដើម្បី ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​កូវីដ​១៩ ផង​ដែរ៕