សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់លោកឧកញ៉ាបណ្ឌិត លី ឆេង គឺជាសាកលវិទ្យាល័យដំបូងគេក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលបង្កើតឱ្យមានមហាវិទ្យាល័យ អាកាសចរស៊ីវិល លើជំនាញសំខាន់ៗ៣ គឺ គ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន, គ្រប់គ្រងវិស័យអាកាសចរណ៍ និងវិស្វកម្មថែទាំយន្ដហោះ។
មហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល និងបានបើកដំណើរការចាប់ពីឆ្នាំ២០២០ ដែលដំណើរការបណ្តុះបណ្តាលជំនាញឯកទេសលើវិស័យអាកាសចរស៊ីវិលដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។ មហាវិទ្យាល័យនេះ បានផ្តល់ជូននិស្សិតនូវចំណេះដឹង ជំនាញ បំណិន និងបទពិសោធន៍ជាច្រើន ដែលពាក់ព័ន្ធទៅនឹងការងារប្រតិបត្តិការនៅព្រលានយន្តហោះ។ ចំពោះតម្លៃសិក្សាប្រហែលប្រមាណ ២០០០ដុល្លារក្នុងមួយឆ្នាំ។
អ្វីដែលពិសេស កម្មវិធីសិក្សា ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តីក្នុងថ្នាក់ និងការចុះហ្វឹកហាត់អនុវត្តការងារជាក់ស្តែងក្នុងរយៈពេលកំណត់ណាមួយ ដើម្បីពង្រឹងសមត្ថភាពបន្ថែម និងដកស្រង់បទពិសោធន៍មុននឹងប្រឡូកក្នុងការងារ។ និស្សិតនៃមហាវិទ្យាល័យ អាកាសចរស៊ីវិល តម្រូវឱ្យចុះកម្មសិក្សា នៅអាកាសយានដ្ឋានអន្តរជាតិ និងអាកាសយានដ្ឋានជាដៃគូនៅក្រៅប្រទេស ស្របទៅនឹងទ្រឹស្តី “ការសិក្សាទ្រឹស្តី ត្រូវផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែង” និង “រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការនៅគ្រប់ទីកន្លែង”។
សូមជម្រាបជូនថា វិស័យអាកាសចរណ៍ គឺជាវិស័យមួយដែលតែងតែវិវត្តន៍ជានិច្ចកាល ទោះបីជាវិស័យនេះបានជួបនឹងផលវិបាកមួយចំនួនដោយសារជំងឺកូវីដ-១៩ កន្លងមកក៏ដោយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងអភិវឌ្ឍនិងសាងសង់ព្រលានយន្តហោះថ្មីៗ និងធ្វើឱ្យទំនើបបន្ថែម ដូចជា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខ្នាតយក្ស 4F គ្រោងបញ្ចប់ឆ្នាំ២០២៤, គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី, អាកាសយានដ្ឋាន ខេត្តកោះកុង និងអាកាសយានដ្ឋាន ខេត្តព្រះសីហនុ ជាដើម ដែលកំពុងតែស្វែងរកអ្នកជំនាញ ជាពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សាលើផ្នែកអាកាសចរស៊ីវិលជាច្រើន ដើម្បីទៅបំពេញការងារឱ្យបានរលូន៕