កម្ពុជា ត្រៀមខ្លួនរួចជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយចិនក្រោយលោក ស៊ីជិនពីង ជាប់ឆ្នោតជាប្រធានាធិបតី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរលោក ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ កាលពីថ្ងៃ១០ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារលិខិតផ្ញើជូនលោក ស៊ី ជិនពីង ក្នុងឱកាសជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទី៣ នៅថ្ងៃទី១១ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោក ស៊ីជិនពីង ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា លោក ស៊ីជិនពីង នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា កម្ពុជា និងចិន បាន និងកំពុងទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរក្សាបានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ សម្តេចតេជោបន្ថែមទៀតថា “ការឯកភាពគ្នា ដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំរបស់យើង បានបន្ថែមនូវកម្លាំងចលករថ្មីទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង”។

សម្តេចតេជោថ្លែងអះអាងថា ក្នុងនាមជាមិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ “ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក៕