គិតចាប់ពីឆ្នាំ២០០១ ដល់បំណាច់ឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េ បានសន្យាផ្តល់ឥណទានសម្បទាន ដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ពាន់ លានដុល្លារអាមេរិក។នេះបើតាមការឱ្យដឹងពី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងការទទួលជំនួបពិភាក្សាការងារជាមួយ លោកស្រី KIM Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណរដ្ឋកូរ៉េ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសដែលឈរនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។ដោយគិតចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េ សន្យាផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ១ ៨០០លានដុល្លារអាមេរិក។
ការផ្តើមចេញពីការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់ប្រមាណ ១ ៦០០លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង១កម្មវិធី ទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ផ្អែកតាមវិស័យអទិភាពសំខាន់ៗរួមមាន វិស័យគមនាគមន៍(ផ្លូវថ្នល់ និងស្ពាន) អប់រំ សុខាភិបាល ថាមពល ធារាស្រ្ត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម។
ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា តាមតរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសសិក្សាទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនានា សម្រាប់ទុកជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕