អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃសុក្រ ទី១០ ខែមីនានេះ បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ក្នុងនៅរយៈពេល ២ខែដើមឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០លានដុល្លារអាមេរិក ចំនួននេះមានការថយចុះប្រមាណជាង ២១% បើធៀបទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២កន្លងទៅ។
បើតាមរបាយការណ៍ដដែល កម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥លានដុល្លារអាមេរិក ថយចុះ៨% ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១% បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។
ដោយឡែក ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗរបស់កម្ពុជានៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣នេះកម្ពុជាបាននាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗ ក្នុងនោះសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ថយចុះ ២០%, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦%, ចិន ១៩៨ លានដុល្លារ ថយចុះជាង ៥%, ជប៉ុន ជាង ២០៥ លានដុល្លារ កើនជិត ២%, ថៃ ជាង ២០៤ លានដុល្លារ កើន ១៣%ផងដែរ៕