លោក ស៊ី ជិនពីង ប្រធានាធិបតីចិនមានឥទ្ធិពលបំផុត ជានរណា?

អន្តរជាតិ

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ លោក ស៊ី ជិនពីង ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីចិន សម្រាប់អាណត្តិលើកទី៣ជាប់ៗគ្នា ខណ:នេះក៏ជាលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្តផងដែរ ដែលបុរសវ័យ ៦៩ ឆ្នាំរូបនេះ បានបន្តកាន់អំណាចកំពូលនៃប្រទេសចិន បានយូរបំផុតរហូតទៅដល់ ៣អាណត្តិជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិតណាស់លោក ស៊ី ត្រូវបានជួររដ្ឋាភិបាលចិន ផ្តល់ការទុកចិត្តខ្ពស់បំផុត នៅក្នុងការបន្តដឹកនាំប្រទេស ដោយបានមើលពីសមត្ថភាពដ៏អស្ចារ្យ នៅពេលដែលលោកបានក្លាយជាប្រធានាធិបតីលើកដំបូង នៅក្នុងឆ្នាំ ២០១៣ ។

ជុំវិញការប្រកាសតែងតាំងសម្រាប់អាណត្តិថ្មីនេះ តើលោក ស៊ី ជិនពីង មានប្រវត្តិបែបណាខ្លះ?

លោក ស៊ី ជិនពីង បានកើតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៥៣ ក្នុងស្រុក Fuping ខេត្ត Shaanxi ប្រទេសចិន ដោយលោកធ្លាប់បានកាន់តំណែងជាច្រើន នៅក្នុងជួររដ្ឋាភិបាល ដូចជាអ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល ជាអគ្គលេខាបក្សកុម្មុយនិស្ត ជាអនុប្រធានាធិបតី និងជាប្រធានាធិបតី ។

លោក ស៊ី គឺជាកូនប្រុស របស់លោក Xi Zhongxun ដែលធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីចិន និងជាសមាជិកម្នាក់ ក្នុងចំណោមស្ថានិកបក្ស​កុម្មុយនិស្ត​ចិន រួមជាមួយលោក ម៉ៅ សេទុង។ តែទោះជាយ៉ាងនេះក្តី ឪពុករបស់លោក ស៊ី ជារឿយៗតែងតែបានបង្ហាញពីភាពមិនចិត្តចំពោះការដឹកនាំរបស់គណបក្ស និងរដ្ឋាភិបាលនោះឡើយ ជាពិសេសមុន និងអំឡុងពេលបដិវត្តន៍វប្បធម៌ ចន្លោះពីឆ្នាំ ១៩៦៦ ដល់ ១៩៧៦ ។

ជុំវិញស្ថានភាពបែបនេះហើយ ទើបធ្វើឱ្យឪពុករបស់លោក ស៊ី ត្រូវបានគេចាប់ខ្លួនដាក់ពន្ធនាគារ នៅក្នុងឆ្នាំ ១៩៦២ អំឡុងយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបក្ស ជាពិសេសនៅពេលគាត់ ត្រូវបានលោក ម៉ៅ សេទុង ចាត់ទុកថាជាគូប្រជែងដ៏ធំម្នាក់ ក្នុងការប្រជែងតំណែងរបស់ខ្លួន ។

ក្រោយពីការចាប់ខ្លួនឪពុក លោក ស៊ី ជិនពីង ត្រូវបានបញ្ចូនឱ្យទៅរស់នៅជនបទ ក្នុងស្រុកកំណើត ក្នុងឆ្នាំ ១៩៦៩ ជាកន្លែងដែលគាត់បានធ្វើការងារកសិកម្មនៅទីនោះអស់រយ:ពេល ៦ ឆ្នាំ។ ហើយអំឡុងពេលនោះ លោក ស៊ី បានបង្កើតទំនាក់ទំនងល្អជាពិសេសជាមួយកសិករក្នុងស្រុក ដែលជាចំណុចចាប់ផ្តើមមួយ ធ្វើឱ្យលោក ទទួលបានការជឿជាក់ខ្លាំង ក្នុងការឡើងឋាន:ជាបន្តបន្ទាប់នៅក្នុងជួរគណបក្សកម្មុយនិស្តចិន ។

នៅឆ្នាំ ១៩៧៤ លោក ស៊ី បានក្លាយជាសមាជិកបក្សជាផ្លូវការ ដោយបម្រើការជាលេខាសាខាបក្ស ហើយនៅឆ្នាំបន្ទាប់ លោក បានចាប់ផ្តើមចូលរៀន នៅសាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកបានចាប់យកជំនាញ​វិស្វកម្ម​គីមី។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅឆ្នាំ ១៩៧៩ លោកបានធ្វើការរយ:ពេល ៣ ឆ្នាំ ជាលេខារបស់លោក Geng Biao ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងរដ្ឋាភិបាលកណ្តាលចិន។

នៅឆ្នាំ ១៩៨២ លោក Xi បានសម្រេចបោះបង់តំណែងនោះចោលវិញ ដោយបានជ្រើសរើសចាកចេញពីទីក្រុងប៉េកាំង ហើយធ្វើការជាអនុលេខាបក្ស នៅក្នុងខេត្ត Hebei ។ លោក​ ស៊ី បានឈរជើងនៅទីនោះ​រហូត​ដល់​ឆ្នាំ ១៩៨៥ មុនពេល​លោក​ត្រូវ​បាន​បន្តតែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​បក្ស និង​ជា​អភិបាលរង​ក្រុង Xiamen ក្នុង​ខេត្ត Fujian ។

លុះដល់ឆ្នាំ ២០០៨ លោក ស៊ី កាន់តែទទួលបានការទុកចិត្តខ្លាំងពីសំណាក់សមាជិកបក្ស ដោយគាត់ត្រូវបានជ្រើសរើសធ្វើជាអនុប្រធានាធិបតីចិន។ ក្នុងតួនាទីនេះ លោក ស៊ី បានផ្តោតលើកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងធ្វើឱ្យប្រសើឡើងនូវទំនាក់ទំនងអន្តរជាតិ។

នៅក្នុងខែតុលាឆ្នាំ ២០១០ លោក ស៊ី ត្រូវបានបន្តតែងតាំងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សដ៏មានឥទ្ធិពល ហើយវាត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយ សម្រាប់លោក ក្នុងការឆ្ពោះទៅកាន់តំណែងជាប្រធានាធិតី ។

លុះដល់ខែវិច្ឆិកា ឆ្នាំ ២០១២ ក្នុងអំឡុងពេលសមាជបក្សលើកទី ១៨ របស់បក្សកុម្មុយនិស្ត លោក ស៊ី ត្រូវបានជ្រើសរើសម្តងទៀត នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ហើយគាត់បានបន្តកាន់តំណែងជាអគ្គលេខាបក្ស។ ហើយនៅឆ្នាំបន្ទាប់ លោក ស៊ី ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានាធិបតីនៃប្រទេសចិន ដោយសភាប្រជាជនជាតិតែម្តង។

លោក ស៊ី បានកាន់តំណែងជាប្រធានាធិបតីចិន អគ្គលេខាធិការ បក្សកុម្មុយនិស្ដចិន និងជាប្រមុខយោធាចិន ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២៣នេះ ហើយលោកត្រូវបានជាប់ឈ្មោះជាមេដឹកនាំមានឥទ្ធិពលបំផុតប្រចាំប្រទេស ចាប់តាំងពីជំនាន់លោក ម៉ៅ សេទុង ៕