សភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំលើកទី១ ដើម្បីរៀបចំតួនាទីរបស់ការិយាល័យប្រតិបត្តិ និងលើកទិសដៅការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ដែលទើបនឹងជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិថ្មី ក្រោយកាន់កាប់រយៈពេល ១២ឆ្នាំ។
បើតាមសភាពាណិជ្ជកម្ម ការរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី«ការរៀបចំតួនាទីរបស់ការិយាល័យប្រតិបត្តិ និងលើកទិសដៅការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២ » មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក ដែលជាសមាជិក សមាជិកាជ្រើសតាំងចំនួន៤០រូប ក្នុងនោះស្រ្តីមានចំនួនពីររូប គឺលោកស្រីឧកញ៉ា កែវ មុំ និងលោកស្រីឧកញ៉ា ចាន់ សុទ្ធា។
ក្នុងកិច្ចប្រជុំលើកទី១ បន្ទាប់ពីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅពីអ្នកឧកញ៉ា គិត ម៉េង ក៏មានអ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនធំៗអញ្ជើញចូលរួម ដូចជា៖ អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា លឹម ហេង, ឧកញ៉ា តែ តាំងប៉, អ្នកឧកញ៉ា ផៃ ហុកឈួន, អ្នកឧកញ៉ា លី សេងឃាង, ឧកញ៉ា ណាង សុធី, ឧកញ៉ា ងួន ម៉េងតិច, ឧកញ៉ា ទី ពិសិដ្ឋ, ឧកញ៉ា អ៉ឹង សែ, ឧកញ៉ា វិញ ហួរ, ឧកញ៉ា សុខ ឆេង, ឧកញ៉ា ហ៊ុន ឡាក់, ឧកញ៉ា តាំង គួង, ឧកញ៉ា សូ ងួន, ឧកញ៉ា គួច ផេង, ឧកញ៉ា ឈាង រ័ត្ន និងឧកញ៉ា សូវ សច្ចៈសម្បត្តិ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេល១២ឆ្នាំមកហើយ សម្រាប់អាណត្តិទី៥នេះ អ្នកឧកញ៉ានឹងដឹកនាំបន្តចំនួន៣ឆ្នាំទៀត។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។ គិតមកត្រឹមខែមេសា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួន ១៣០ ជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ។
គួររម្លឹកថា សភាពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី សភាពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៥ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនានា។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕