ជំទាវឧកញ៉ា គង់ សំណាង៖ គ្មានទៀតទេ ពាក្យថាស្ត្រីវិលចង្ក្រានមិនជុំ នាសម័យបច្ចុប្បន្ននេះ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង ​​យល់​ឃើញ​ថា ពាក្យ “ស្ត្រីវិលចង្ក្រានមិនជុំ” គឺ​មិនមាន​ទៀត​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ ​​ព្រោះ​បច្ចុប្បន្ន​ស្ត្រី​​​​ភាគច្រើន សុទ្ធតែ​មាន​សមត្ថភាព​​ខ្ពស់​ អាច​ចូលរួម​​​​ក្នុង​សង្គម​ ទាំង​វិស័យឯកជន និង​វិស័យរដ្ឋ ក្នុង​ការ​រួមចំណែក​ជួយ​ឱ្យ​សេដ្ឋកិច្ចជាតិរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ជំទាវ បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ យ៉ាង​ដូច្នេះ​ថា៖ “តាមពិតទៅពាក្យ «ស្ត្រីវិលចង្ក្រានមិនជុំ» បើសិន​ជា​សម័យ​ពីដើម អាចត្រូវ ប៉ុន្តែ​បើ​សម័យ​បច្ចុប្បន្ន ​​​ពាក្យ​ថាស្ត្រី​វិល​ចង្ក្រានមិនជុំ ឬ​ស្ត្រី​ធ្វើ​អ្វី​មិន​បាន​នោះ គឺ​ហួសសម័យ​ហើយ ព្រោះ​បើ​យើង​មើល​​​ក្នុង​ពេល​បច្ចុប្បន្ន​ ទាំង​អាជីវកម្ម ទាំង​នៅ​ក្នុង​វិស័យ​ឯកជន វិស័យរដ្ឋ គឺ​សុទ្ធតែ​មាន​ស្ត្រី​ចូល​រួម​ទាំង​អស់ ហើយ​នៅ​ពេល​ដែល​ស្ត្រី​ចូល​រួម​ផុសផុល​បែប​នេះ ឃើញ​ថា​សេដ្ឋកិច្ច​ប្រទេស​យើង មាន​​ការ​រីក​ចម្រើន​ខ្លាំង”។

លោកជំទាវឧកញ៉ា បាន​បន្ថែម​ថា បច្ចុប្បន្ន​សង្គម​យើង​រីក​ចម្រើន​ ដោយសារ​មួយ​ផ្នែក​ធំ​​​មាន​ការ​ចូល​រួម​ពី​ស្ត្រី ​​ហើយ​យើង​ឃើញ​ថា​បច្ចុប្បន្ន​ស្ត្រី​មាន​សមត្ថភាព​ខ្លាំងៗ​ណាស់ ​​ទាំង​ចំណេះ​ដឹង ការ​ចែក​រំលែក និង​ការងារ​ក្នុង​សង្គម។ ដូច្នេះ​ពាក្យ​ខាង​លើ​​នេះ សម្រាប់​លោកជំទាវ​ គឺ​យល់​ថា​គ្មាន​ទៀត​នោះ​ទេ ប៉ុន្តែ​ទទឹម​នឹង​នោះ​ ស្ត្រី​ខ្លួន​ឯង​ក៏​ត្រូវ​មាន​ភាព​រឹងមាំ​ដែរ បើ​សិន​ជា​យើង​​គិត​ថា​ខ្លួន​នៅតែ​​ក្នុង​​ចង្ក្រាន និង​​មិន​បាន​ត្រៀមខ្លួន​ចូល​ប្រឡូក​ក្នុង​សង្គម នោះ​​​​យើង​នឹង​នៅ​តែ​កន្លែង​នោះ​ហើយ ហើយ​ដើម្បី​ចេញ​​ផុត​​ពី​កន្លែង​នោះ​បាន យើង​ត្រូវ​រៀនសូត្រ ​​និង​ត្រូវ​ចូល​រួម​​ទទួល​បទពិសោធន៍​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន។

សូម​ជម្រាប​ជូន​ថា ជំទាវឧកញ៉ា គង់ សំណាង គឺជា​អគ្គនាយិកា បុរី វិមានសំណាង ដែល​ស្ថិតនៅខាងជើង​ក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥​ហិកតា ក្នុង​នោះ​មាន​ប្រភេទ​ផ្ទះ​ប្រណីតៗ​ដូចជា វីឡាព្រីន​បែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីង​បែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់ច្រើន​ជាង និងប្រណិតជាងការសាងសង់វីឡា​បែបទំនើប​នានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។

ជំទាវឧកញ៉ា គង់ សំណាង ធ្លាប់​បាន​បញ្ជាក់​​ផងដែរថា អ្វីដែលបុរី​ វិមានសំណាង កំពុង​អភិវឌ្ឍន៍ គឺផ្តល់នូវ​រស​និយម និងការបត់បែនតាមសម័យកាល​របស់អតិថិជន។ ជាពិសេស​ បុរី វិមានសំណាង មិនផ្តោតលើប្រាក់​ចំណេញ ជាអាទិភាព​នោះ​ទេ ប៉ុន្តែផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយ​ភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួម​លើក​ស្ទួយ​​នូវ​សេដ្ឋកិច្ចជាតិ៕