ឧកញ៉ា ចាន់ សុឃំាង៖ យើងមានសក្តានុពលធ្វើការនាំចេញអង្ករបានច្រើនជាងនេះ ខណៈ២ខែដំបូងមានជិត១០ម៉ឺនតោនប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល២ខែដើមឆ្នំា២០២៣កម្ពុជាបាននាំចេញអង្ករបានជិត១០ម៉ឺនតោន ហើយបើគិតជាទំហំសាច់បា្រក់មានជាង៧២លានដុល្លារអាមេរិកប៉ុណ្ណោះ។ តែបើគិតពីលទ្ធភាពឬសក្តានុពលនៅ២ខែដំបូងនេះគឺកម្ពុជាអាចនាំចេញអង្ករបានច្រើនជាងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចាន់សុឃំាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា យើងនៅមានសក្តានុពលធ្វើការនាំចេញអង្ករបានច្រើនជាងនេះ ហើយសហព័ន្ធស្រូវអង្ករកំពុងតែស្វែងរកទីផ្សារថ្មីផ្សេងៗទៀតដើម្បីជួយធ្វើម៉េចឱ្យទំហំនៃការនាំចេញរបស់យើងបានច្រើនជាងមុន។

លោកឧកញ៉ាលើកឡើងថា បរិមាណអង្ករនាំចេញបានជិត១០ម៉ឺនតោន ហើយគិតជាទឹកប្រាក់មានជាង៧២លានដុល្លារអាមេរិកនៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣នេះបើប្រៀបធៀបទៅនិងឆ្នំាមុនវាប្រហាក់ប្រហែលគ្នា គ្រាន់តែយើងឃើញនៅក្នុងនោះទីផ្សារចិនមានការធ្លាក់ចុះបន្តិច តែទីផ្សារអឺរ៉ុបមានការកើនឡើង។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «គិតថានៅដើមឆ្នំាដំបូងនេះបរិមាណអង្ករនាំចេញនិងទំហំទឹកបានមកពីការនាំចេញអង្កររយៈពេល២ខែដំបូងនេះវាជាសញ្ញាមួយល្អសម្រាប់ពាក់កណ្តាលឆ្នំានិងចុងឆ្នំា២០២៣»។
បើយោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកថា ទីផ្សារនៅខាងក្រៅសុទ្ធតែមានសារសំខាន់ទំាងអស់សម្រាប់ស្រូវអង្ករកម្ពុជា ហើយពិសេសជាងគេនោះគឺទីផ្សារចិន។

លោកឧកញ៉ា មានប្រសាសន៍ថា ខ្ញុំគិតថាទីផ្សារមិនថាទីផ្សារចិននៅប្រទេសណាទេសុទ្ធតែមានសារសំខាន់ទំាងអស់ស្រាប់ស្រូវអង្ករកម្ពុជាដោយសារតែសក្តានុពលស្រូវរបស់ប្រជាជនយើងតំាងពីមុនឆ្នំា២០១០មកឃើញថាមានកម្រិតនៅទាបនៅឡើយ ប៉ុន្តែរហូតមកដល់រាជរដ្ឋាភិបាលដាក់ចេញនៅគោលនយោបាយហើយឃើញថាសន្ទុះនៃការផលិតស្រូវនៅសល់ជិត៦លានតោន។អីចឹងខ្ញុំគិតថាសក្តានុពលនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិតាមច្រកផ្លូវការនៅមានសក្តានុពលច្រើនទៀតដែលយើងអាចធ្វើបាន។

លោកឧកញ៉ា ចាន់ សុឃំាង គូសបញ្ជាក់ថា «ខ្ញុំគិតថាទីផ្សារចិនមានសក្តានុពលខ្លំាងព្រោះអ្វីដែលបានជជែកពិភាក្សារជាមួយខាងភាគីចិននោះ យើងឃើញថាប្រភេទអង្ករយើងបានបែងចែកនៅមានចំនួនតិចនៅតាមខេត្តនៅក្នុងប្រទេសចិនដោយសារទំហំនៃការលក់វាត្រូវការពេលលក់វាត្រូវការពេលកសាងកេរ្តិ៍ឈ្មោះក៏ដូចជាបណ្តាញចែកចាយ។ដូចនេះបើការចែកចាយមានការរីកសាយបន្តទៀតនៅក្នុងប្រទេសចិនមានកាន់តែច្រើនទៅៗវានិងធ្វើឱ្យអង្ករកម្ពុជាយើងកើនឡើងរឹតតែច្រើននៅទីផ្សារចិន»។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤០ក្រុមហ៊ុនបាននាំចេញអង្ករចំនួនជិត១០ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២.៦៧លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារចំនួន ៣៨ប្រទេស ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០.៣៣% គិតជាទឹកប្រាក់ចំនួន ៣៣.៩៣ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន ២១ បានចំនួន ៣៨ ៤៥៦ តោនដែលគិតជាទឹកប្រាក់មានចំនួន ២៧.២៦ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ី និងសិង្ហបូរីចំនួន ៤ ៤០៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣.០២ លានដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈិមបូព៌ា តួគី រុស្សីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨.១៤ លានដុល្លសហរដ្ឋអាមេរិក។

អង្ករក្រអូបប្រណិតដែលមានពូជស្រូវផ្ការំដួលបានចំនួន ៤៩ ៣៨១ តោន អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន អង្ករសចំនួន ៦ ៤៦១តោន អង្ករចំហុយចំនួន២៨៩០ តោន និងអង្ករសរីរាង្គចំនួន២២៨៤តោន។ ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន៨៧១៣១៩តោនដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧.៨២ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖សារេត