លោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia) ត្រូវបានព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» និងត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសនេះ ដល់លោកជំទាវដោយផ្ទាល់ នៅក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យ ជួយកសាងអាគារសិក្សាសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោកជំទាវឧកញ៉ា សាយ សោភា បានទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតនេះ គឺដោយសារកន្លងមកលោកជំទាវតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងការងារសប្បុរសធម៌ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលបានរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចជាតិ និងជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬជនងាយរងគ្រោះ។
គ្រឿងឥស្សរិយយសជាតូបការ ជាគ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុតរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី ៥ តុលា ១៩៩៥។ គ្រឿងឥស្សរិយយសនេះ សម្រាប់ផ្តល់ជូនដល់បុគ្គលក្នុងឋានន្តរស័ក្តិប្រមុខរដ្ឋបរទេស និងជនជាតិកម្ពុជា ដែលបានជួយដល់ប្រទេសជាតិយ៉ាងពិសេស។
សូមជម្រាបថា លោកជំទាវ សាយ សោភា ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាឧត្ដមភរិយារបស់អ្នកឧកញ៉ា ភឺន ផល្លា។ លោកជំទាវ ទើបត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៕